តារាសម្ដែងថៃ Savika Chaiyadej ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីជាប់ខ្លួនអស់រយៈពេលជាង ៣ខែ លើករណីឆបោកក្នុងទីផ្សារ Forex 3D
តារាសម្ដែងថៃ Savika Chaiyadej ហៅក្រៅ Pinky ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំក្នុងតម្លៃ ៥លានបាត កាលពីម្សិលមិញនេះ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៣ខែ នៅក្នុងស្ថាប័នកែប្រែកណ្តាលក្នុងទីក្រុងបាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger។ តុលាការឧក្រិដ្ឋកម្មរបស់ប្រទេសថៃ បានផ្តល់ការធានានៅក្រៅឃុំដល់អ្នកនាង Pinky លើលក្ខខណ្ឌដែលនាងមិនចាកចេញពីប្រទេស ត្រូវជូនដំណឹងដល់តុលាការក្នុងរយៈពេលប្រាំ ៧ថ្ងៃ ប្រសិនបើនាងផ្លាស់ប្តូរអាសយដ្ឋាន ហើយត្រូវរាយការណ៍ទៅតុលាការជារៀងរាល់ខែ។
តារាសម្តែងថៃដ៏ល្បីល្បាញរូបនេះ និងជនជាប់ចោទទាំង ១៩ នាក់ផ្សេងទៀត នៅតែប្រឈមមុខនឹងការកាត់ទោសពីតុលាការលើការចោទប្រកាន់ពីបទក្លែងឆបោក លើករណីបោកប្រាស់លុយក្នុងទីផ្សារ Forex 3D ដ៏កក្រើក ដែលបានបោកប្រាស់ជនរងគ្រោះប្រមាណជាង ១៤,០០០ នាក់ ដែលស្មើនឹងទឹកប្រាក់ជិត ២ ពាន់លានបាត (ជាង៥៧លានដុល្លារ)។ អ្នកនាង Pinky មិនបានផ្តល់បទសម្ភាសន៍អ្វីទេ ប៉ុន្តែមើលទៅសប្បាយចិត្តនៅពេលដែលនាងចេញពីទ្វារពន្ធនាគារ ចូលក្នុងរថយន្ត Toyota Fortuner ពណ៌សរបស់មេធាវីរបស់នាង នៅម៉ោងប្រហែល ៧ និង ១៥ នាទីយប់មិញនេះ។ ជម្រាបដែរថា អ្នកនាង Pinky អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ចំពោះការឆបោកលើជនរងគ្រោះទាំង ១៤,០០០ នាក់នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


