ក្រោយជាប់ជាប្រធាន «សមាគមសិល្បករខ្មែរ» ភ្លាម! លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដល់មន្ទីរពេទ្យ
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានតំណែង ជាប្រធានសមាគមសិល្បករខ្មែរភ្លាម មិនបង្អង់យូរឡើយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានចំណាយពេលវេលា ដឹកនាំក្រុមការងារ អញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ ព្រឹទ្ធាចារ្យកោសល្យវោហារ លោកតា គង់ ណៃ វីរសិល្បករចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ប្រកបដោយសេចក្ដីព្រួយបារម្ភជាទីបំផុត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤នេះ។

នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ បានសាកសួរអំពីស្ថានភាពនានារបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ ពីសំណាក់ក្រុមគ្រួសារដែលកំពុងមើលថែ លោកព្រឹទ្ធាចារ្យនៅមន្ទីរពេទ្យ ព្រមទាំងបាននាំយកនូវថវិកា របស់សមាគមសិល្បករខ្មែរ និងថវិការបស់លោកជំទាវអ្នកឧកញ៉ាផ្ទាល់ ប្រគល់ជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យ ដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែកផងដែរ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងឲ្យដឹងថា ការដែលបានឡើងធ្វើជាប្រធានសមាគមសិល្បករខ្មែរនេះ លោកស្រីមិនឲ្យម្ចាស់ឆ្នោតខកចិត្តនោះទេ ពោលគឺខិតខំជួយរំលែកទុក្ខលំបាកអ្នករួមអាជីព ដោយការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តតាមរយៈពេលវេលាដ៏មានអត្ថន័យនេះ ទោះតិចក្ដីច្រើនក្ដី ពិតជាល្អបំផុត។
លោកជំទាវបានគោរពជូនពរដល់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដោយសង្ឃឹមថា សុខភាពរបស់លោកព្រឹទ្ធាចារ្យនឹងបានល្អប្រសើរឡើងវិញ ហើយបានជួបលោកតាព្រឹទ្ធាចារ្យសារជាថ្មីម្ដងទៀតនា ពេលឆាប់ៗខាងមុខនេះ ខណៈសមាគមសិល្បករខ្មែរក៏កំពុងត្រៀមរៀបចំកម្មវិធីដ៏ធំមួយ សម្រាប់ជួយដល់សិល្បកររៀមច្បង ចាស់ជរា ហើយលោកជំទាវអ្នកឧកញ៉ាពិតជាចង់ឃើញព្រឹទ្ធាចារ្យ គង់ ណៃ បង្ហាញវត្តមាននាឱកាសនោះ។
ដោយឡែក លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានបង្ហាញអារម្មណ៍រីករាយ ដោយបានដឹងថា វត្តមានរបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ មានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់លោក ព្រមទាំងបានអញ្ជើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ដូច្នេះ។ នេះជាការលើកទឹកចិត្តយ៉ាងធំធេងដល់លោកព្រឹទ្ធាចារ្យ និងក្រុមគ្រួសារ។
សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានរកឃើញប្រធានថ្មីនៅអាណត្តិទី៦នេះ គឺបានទៅលើលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានធ្វើការបោះឆ្នោតប្រកួតប្រជែង កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមពីសំណាក់សិល្បករ-សិល្បការិនី ជាច្រើននាក់ ក្នុងនោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង ៩៣%៕ ផ្តល់សិទ្ធិដោយ៖ freshnews