Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល៤ថ្ងៃ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះ សរុបបាន៣,០៩៣នាក់

    BY Khmerpress December 5, 2022
    រយៈពេល៤ថ្ងៃ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះ សរុបបាន៣,០៩៣នាក់

    (ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះថា រយៈពេល៤ថ្ងៃ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះ សរុបបាន៣,០៩៣នាក់។

    លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងយុទ្ធនាការ នៃការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមភូមិ និងតាមខ្នងផ្ទះ ដែលអនុវត្ដតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ សរុបរួមគឺធ្វើបាន ចំនួន៣,០៩៣នាក់»។

    បន្ថែមពីនោះទៀត លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា សន្ទុះនៃការធ្វើអត្ដសញ្ណញាប័ណ្ណសញ្ជាតិខ្មែរ ចុះតាមភូមិផ្ទាល់ និងចុះតាមផ្ទះផ្ទាល់ បើធៀបទៅនឹងការធ្វើ នៅតាមទីតាំងរបស់សមត្ថកិច្ច គឺមានការខុសគ្នាច្រើន។

    លោកបានឲ្យដឹងថា​ តាមទីតាំងនីមួយៗ តាមបណ្ដាភូមិ តាមបណ្ដាផ្ទះប្រជាពលរដ្ឋ គឺបងប្អូនប្រជាពលរដ្ឋ បង្ហាញអារម្មណ៍សប្បាយរីករាយ និងក្ដីរំភើប ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាយជ្រៅ នូវគំនិតផ្ដួចផ្ដើមរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត តែងតែគិតគូនៅសុខទុក្ខ និងតែងតែធ្វើយ៉ាងណា ឲ្យក្រុមការងារផ្ដល់សេវាជូនប្រជាពលរដ្ឋបានលឿនបំផុត។

    លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមថា អ្វីដែលសំខាន់លើសពីនោះទៀត គឺបងប្អូនប្រជាពលរដ្ឋ អាចទៅធ្វើនៅពេលយប់ ដែលមិនពាក់ព័ន្ធនឹងម៉ោងការងាររបស់ពួកគាត់ ដែលមានទីតាំងខ្លះ ធ្វើរហូតដល់ម៉ោង១០យប់ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលបាននូវភាពងាយស្រួល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: