Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃ ចុះរឹបអូស សាច់កែច្នៃនិងគ្រឿងក្នុង ប្រមាណ២៥តោន ដែលដាក់ត្រាំសារធាតុហ្វ័រម៉ាលីន ហើយត្រៀមយកទៅចែកចាយនៅហាង BBQ រាប់សិបកន្លែង

BY Khmerpress December 5, 2022
អាជ្ញាធរថៃ ចុះរឹបអូស សាច់កែច្នៃនិងគ្រឿងក្នុង ប្រមាណ២៥តោន ដែលដាក់ត្រាំសារធាតុហ្វ័រម៉ាលីន ហើយត្រៀមយកទៅចែកចាយនៅហាង BBQ រាប់សិបកន្លែង

(ថៃ)៖ មន្ត្រីនៃនាយកដ្ឋានបសុសត្វថៃ បានរឹបអូសសាច់កែច្នៃ និងគ្រឿងក្នុងប្រមាណជា ២៥តោន ដែលដាក់ត្រាំក្នុងសារធាតុហ្វ័រម៉ាលីន ពីរោងចក្រកែច្នៃចំណីអាហារខុសច្បាប់មួយកន្លែងក្នុងខេត្តChon Buri ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ thaipbsworld កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។

លោក Somchuan Ratanamungklanon ប្រធាននាយកដ្ឋានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាសាច់ដែលរឹបអូសបាននោះត្រូវបានបម្រុងទុកសម្រាប់ហាង​សាច់​អាំង​ ជាង ៦០កន្លែង​ផ្សេង​គ្នា​នៅ​ទូទាំង​ខេត្ត Chon Buri។ លោក​បាន​បន្ត​ថា ការ​ចុះ​បង្ក្រាប​នេះ​កើត​ឡើង​ដោយ​មាន​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុងតំបន់ ដោយ​មានជះ​ក្លិន​ស្អុយ​ចេញ​ពី​រោងចក្រ។ ពួកគេ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា កន្លែង​នេះ​អាច​នឹង​ឆ្លង​មេរោគ​ក្នុង​សហគមន៍​របស់​ពួកគេ។

មន្ត្រីជំនាញបានចុះត្រួតពិនិត្យរោងចក្របណ្ដោះយ៉ាងម៉ត់ចត់ ហើយបានរកឃើញធុងដាក់សាច់ និងគ្រឿងក្នុងជាង៥០ ដែលកំពុងត្រាំទឹកដែលមានផ្ទុកសារធាតុហ្វ័រម៉ាលីន ២៥លីត្រ ហើយនិងបង្កាន់ដៃជាង ២៣០០ បង្ហាញឈ្មោះអតិថិជន និងបរិមាណផលិតផលសាច់ដែលត្រៀមលក់ឱ្យអតិថិជនទាំងនោះ។ លោក Somchuan បាននិយាយថាសំណាកផលិតផលសាច់នឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ ហើយផលិតផលដែលនៅសេសសល់នឹងត្រូវរក្សាទុកនៅនឹងកន្លែង។ មន្ត្រីជំនាញបានបញ្ជាឱ្យម្ចាស់រោងចក្របញ្ជូនឯកសារច្បាប់ និងអាជ្ញាប័ណ្ណប្រតិបត្តិការទៅនាយកដ្ឋានបសុសត្វក្នុងរយៈពេល១៥ថ្ងៃ។ ប្រសិនបើ​ពួកគេ​មិនបញ្ជូន​ឯកសារ​ត្រឹមត្រូវ​ទេ សាច់​ដែលរឹបអូសនោះនឹងត្រូវ​បោះចោល​ដោយ​កប់ ឬ​ដុត​ទាំង​អស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: