Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ស្ត្រីវៀតណាមម្នាក់ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ក្រោយទទួលទានពោតលីងមានជាតិកញ្ឆាដែលទិញតាមអនឡាញ

BY Khmerpress December 7, 2022
ស្ត្រីវៀតណាមម្នាក់ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ក្រោយទទួលទានពោតលីងមានជាតិកញ្ឆាដែលទិញតាមអនឡាញ

វៀតណាម៖ ស្ត្រីវ័យ ៥៦ឆ្នាំម្នាក់ រស់នៅទីក្រុងហាណូយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគាត់មានអាការក្អួត និងវិលមុខ ក្រោយទទួលទានពោតលីងត្រឹម ២ដុំតូច ខណៈការធ្វើតេស្តបង្ហាញថា គាត់ក៏មានសារធាតុកញ្ឆា THC នៅក្នុងខ្លួនផងដែរ។ វេជ្ជបណ្ឌិត ង្វៀន ទ្រុងង្វៀន (Nguyen Trung Nguyen) ប្រធាននាយកដ្ឋានគ្រប់គ្រងជាតិពុលបាននិយាយកាលពីថ្ងៃច័ន្ទថា ស្ត្រីម្នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bach Mai ដោយមានអាការរវើរវាយ។ គ្រួសាររបស់គាត់បាននិយាយថា ប្រហែលមួយម៉ោងបន្ទាប់ពីស្ត្រីនោះបានទទួលទានពោតលីងដែលកូនរបស់គាត់ទិញពីអនឡាញ គាត់ក៏ចាប់ផ្តើមបង្ហាញរោគសញ្ញាវិលមុខ និងក្អួត។

គ្រូពេទ្យ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យគាត់ថា​ គាត់ពុល​អាហារ ហើយ​បន្ទាប់​ពី​ព្យាបាល​រួច ឥឡូវ​នេះគាត់​កំពុង​ស្ថិត​ក្នុង​ការ​មើល​ថែ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ លោក ង្វៀន បាននិយាយថា វាជាលើកទីមួយហើយ ដែលមន្ទីរពេទ្យបានទទួលករណីពុល ទាក់ទងនឹងកញ្ឆា បន្ទាប់ពីទទួលទានពោតលីង។ លោក​បាន​បន្ថែម​ថា ករណី​មុនៗ​នៃ​ការ​ពុល​កញ្ឆា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាហារ និង​អាហារ​សម្រន់​ផ្សេង​ទៀត ​ដូច​ជា នំ​ខេក នំ និង​ស្ករ​គ្រាប់ជាដើម។ លោក ង្វៀន បាននិយាយថា កង្វះខាតក្នុងការគ្រប់គ្រងទំនិញតាមអនឡាញ អនុញ្ញាតឱ្យផលិតផលអាហារដែលផ្ទុកសារធាតុញៀន រីករាលដាលយ៉ាងឆាប់រហ័សនៅលើទីផ្សារ។

លោក​បាន​បន្ត​ថា​៖«​ប្រជាជន​គួរ​តែ​ទិញ​ផលិតផល​ដែល​មាន​ប្រភព​ច្បាស់លាស់ និង​ស្លាក​សញ្ញា​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ប៉ុណ្ណោះ​»​។ កាលពីខែមិថុនា ប៉ូលីសទីក្រុងហាណូយក៏បានរឹបអូសបាននូវប្រភេទគ្រឿងញៀនមួយចំនួន ដែលកំពុងដាក់លក់នៅលើទីផ្សារជាផលិតផលសូកូឡា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: