អ្នកជំនាញព្រមានថា កូវីដ-១៩នឹងរាតត្បាតយ៉ាងឆាប់រហ័សនៅប្រទេសចិន ក្រោយអាជ្ញាធរចិនសម្រេចបន្ធូរបន្ថយវិធានការទប់ស្កាត់មួយចំនួន
ចិន៖ អ្នកជំនាញចិនម្នាក់បានព្រមានថា ជំងឺកូវីដ-១៩នឹងរាតត្បាតយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ក្រោយអាជ្ញាធរចិនបានសម្រេចបន្ធូរបន្ថយវិធាការទប់ស្កាត់ជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូនេះ។ គួរកត់សម្គាល់ថា ការសម្រេចបន្ធូរបន្ថយវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ របស់អាជ្ញាធរចិនត្រូវបានធ្វើឡើងជាបន្ទាន់ ក្រោយបាតុកម្មពីសំណាក់ប្រជាពលរដ្ឋបានកើតមានជាបន្តបន្ទាប់នៅតាមទីក្រុងធំៗ ដ្បិតពលរដ្ឋទាំងនោះយល់ឃើញថា វិធានការបិទខ្ទប់របស់អាជ្ញាធរចិនពិតជាមានលក្ខណៈតឹងរឹងខ្លាំងណាស់ ខណៈនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកគេលែងអនុវត្តអស់ហើយ។
យ៉ាងណាក្តី បើតាមលោក Zhong Nanshan ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងចិនបានពន្យល់ថា គិតត្រឹមពេលនេះពលរដ្ឋចិនជាច្រើននាក់នៅមិនទាន់បានទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្រាន់តាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនៅឡើយទេ ខណៈមេរោគកូវីដ-១៩ ដែលកំពុងរាតត្បាតនៅពេលនេះគឺជាមេរោគអូមីក្រុង ដែលជាប្រភេទមេរោគមានសមត្ថភាពអាចបង្កការចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងលឿនជាទីបំផុត។ នៅក្នុងស្ថានភាពបែបនេះ បើមិនមានការអនុវត្តវិធានការតឹងរឹងនោះទេគឺវាច្បាស់ណាស់ថា មេរោគអាចនឹងរាតត្បាតយ៉ាងឆាប់រហ័សនៅតាមសហគមន៍។ សូមបញ្ជាក់ថា ការសម្រេចបន្ធូរបន្ថយលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អាជ្ញាធរចិនមានដូចជា អនុញ្ញាតឲ្យអ្នកជំងឺស្រាលអាចព្យាបាលនៅផ្ទះបានដោយខ្លួនឯង មិនតម្រូវឲ្យពលរដ្ឋធ្វើតេស្តពេលធ្វើដំណើរឆ្លងកាត់ខេត្ត តំបន់ ឬកន្លែងណាមួយ និងលើកលែងការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

