ព័ត៌មានអន្តរជាតិ December 12, 2022

ថៃរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរណ៍ទី ១០លានដែលបានមកកំសាន្តក្នុងប្រទេសខ្លួន ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា

Khmerpress

ថៃ៖ អាជ្ញាធរទេសចរណ៍ថៃបានរៀបចំពិធីអបអរសារទរដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិទី ១០លាន ដែលបានធ្វើដំណើរកំសាន្តមកកាន់ទឹកដីខ្លួន បើគិតចាប់តាំងពីពេលដែលអាជ្ញាធរថៃបានសម្រេចលុបចោលវិធានការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩មក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ពិធីអបអររសារទរនេះត្រូវបានរៀបចំឡើងនៅក្នុងប្រលានយន្តហោះអន្តរជាតិជាតិសុវណ្ណភូមិ កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែធ្នូម្សិលមិញនេះ។

ប្រភពខាងលើបានបន្តថា ពិធីអបអរសារទរនេះត្រូវបានគេដាក់ឈ្មោះថា “Amazing Thailand 10 Million Celebrations” ជាកម្មវិធីដែលបានផ្តួចផ្តើមរៀបចំឡើងដោយក្រសួងទេសចរណ៍ថៃ ខណៈនៅក្នុងពិធីដ៏កម្រនេះក៏មានការចូលរួមពីសំណាក់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ផងដែរ។ អ្នកទេសចរណ៍ទី ១០លាននេះត្រូវបានអាជ្ញាធរថៃបញ្ជាក់ថា គឺជាអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានគម្រោងទៅស្នាក់នៅក្នុងប្រទេសថៃចំនួន ១០ថ្ងៃ ខណៈនៅក្នុងឱកាសសំណាងនេះរូបគាត់នឹងទទួលបានការស្នាក់នៅដោយមិនគិតថ្លៃពីសំណាក់សណ្ឋាគារប្រណិតៗជាច្រើនកន្លែងនៅទូទាំងប្រទេសថៃ។ តាមគម្រោងអាជ្ញាធរថៃនឹងរៀបចំពិធីដូចគ្នាសម្រាប់ភ្ញៀវទេសចរណ៍ទី ២០លានផងដែរ៕  ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត