សិល្បៈ December 19, 2022

Angelina Jolie លាឈប់ពីតំណែងជាបេសកជនពិសេសទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បន្ទាប់ពីធ្វើការងារនេះរយៈពេល២០ឆ្នាំ

Khmerpress

(អាមេរិក)៖ កំពូលតារាហូលីវូដល្បីឈ្មោះ លោកស្រី Angelina Jolie បាននិយាយនៅសប្តាហ៍មុនថា លោកស្រីបានសម្រេចចិត្ត ចុះចេញពីតំណាងជាបេសកជនពិសេសទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិហើយ (UNHCR) បន្ទាប់ពីធ្វើកិច្ចការងារនេះអស់រយៈពេលជាង២០ឆ្នាំ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា តារាសម្តែងហូលីវូដវ័យ ៤៧ឆ្នាំរូបនេះបានបំពេញការងារជាង៦០បេសកកម្មជាមួយ UNHCR ដោយបានឆ្លុះបញ្ចាំងពីស្ថានភាពនៃមនុស្សរាប់លាននាក់ ដែលបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេទៅកន្លែងផ្សេងទៀតៗ ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោកស្រី Angelina Jolie បាននិយាយយ៉ាងដូច្នេះថា «បន្ទាប់ពីរយៈពេល២០ឆ្នាំ ធ្វើការនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ខ្ញុំមានអារម្មណ៍ថា វាដល់ពេលហើយ សម្រាប់ខ្ញុំ ដើម្បីធ្វើការងារនេះក្នុងបែបផ្សេងទៀត ពោលគឺចូលរួមដោយផ្ទាល់ជាមួយជនភៀសខ្លួន និងអង្គការក្នុងស្រុក និងគាំទ្រការតស៊ូមតិរបស់ពួកគេ សម្រាប់រកដំណោះស្រាយ»។ លោកស្រីបានបន្តថា «​នឹង​បន្ត​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដោយប្រើឥទ្ធិពលរបស់​ខ្ញុំដោយផ្ទាល់ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​ជួយ​ជនភៀសខ្លួន»។

បើតាម UNHCR បានហៅកំពូលតារាហូលីវូដរូបនេះថា ជាអ្នកគាំទ្រសិទ្ធិជនភៀសខ្លួនដ៏មានឥទ្ធិពលបំផុតម្នាក់។ តារាអាមេរិករូបនេះ ក៏ត្រូវបានគេដឹងថា ជាអ្នកឈ្នះពានរង្វាន់អូស្ការ សម្រាប់ការធ្វើការជាមួយ UNHCR តាំងពីឆ្នាំ ២០០១ ហើយបានក្លាយជាបេសកជនពិសេសនៅឆ្នាំ ២០១២៕ ផ្តល់សិទ្ធិដោយ៖ freshnews