ធនាគារ វីង ប្រគល់រថយន្តទំនើប Lexus LX600 SUV ដល់អ្នកឈ្នះរង្វាន់ កម្មវិធី ‘ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’
រថយន្ត Lexus LX600 SUV, រថយន្ត Pickup Ford Ranger Wildtrak និងម៉ូតូ Honda Dream ចំនួន ២២គ្រឿងផ្សេងទៀត ត្រូវបានប្រគល់ជូនអ្នកឈ្នះចុងក្រោយនៃកម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’
ធនាគារ វីង (ខេមបូឌា) ម.ក បានប្រគល់រង្វាន់ធំដល់អ្នកឈ្នះក្នុង កម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ ។ ពិធីប្រគល់រង្វាន់នេះ បានធ្វើឡើងនៅធនាគារ វីង សាខាព្រះយុគន្ធរ ដែលទើបបើកដំណើរការថ្មីរបស់ខ្លួន ជាប់ទូរគមនាគមន៍កម្ពុជា បន្ទាប់ពីកម្មវិធីចាប់រង្វាន់ ដែលបានធ្វើឡើងនៅស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃទី១៨ ខែធ្នូ។


លោក គង់ មាន អ្នករស់នៅរាជធានីភ្នំពេញ បានឈ្នះរង្វាន់ធំ រថយន្ត Lexus LX600 SUV ដ៏ប្រណីត១គ្រឿង ចំណែកលោកស្រី គឹម កន្និដ្ឋា ដែលជាអ្នករស់នៅរាជធានីភ្នំពេញម្នាក់ទៀតទទួលបានរង្វាន់រថយន្ត Ford Ranger Wildtrak ចុងក្រោយគេរបស់កម្មវិធី។មានអ្នកឈ្នះរង្វាន់ចំនួន២២នាក់ផ្សេងទៀត ហើយម្នាក់ៗទទួលបានម៉ូតូ Honda Dream មួយគ្រឿងពី កម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’។


លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រដល់ធនាគារ វីង តាមរយៈការបើកគណនី និងដាក់ប្រាក់របស់ពួកគេនៅក្នុងធនាគារ វីង ។ លោក ហោ ប៊ុនថែ បានមានប្រសាសន៍ថា៖ «ក្នុងនាមជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង បានបន្តណែនាំផលិតផលដែលចាំបាច់ប្រកបដោយភាពច្នៃប្រឌិតនៅក្នុងទីផ្សារ ដើម្បីធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។ តាមរយៈកម្មវិធីនេះ និងផ្សេងដទៃទៀតនាពេលអនាគត យើងសង្ឃឹមថាយើងអាចរួមចំណែកដល់ការអភិវឌ្ឍនៃបរិយាបន្នហិរញ្ញវត្ថុនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា»។

ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ធនាគារវីងបានប្រគល់រថយន្តភីកអាប់ Ford Ranger Wildtrak ចំនួន ៦គ្រឿង និងម៉ូតូ Honda Dream ចំនួន១៣២ គ្រឿង ដល់អតិថិជនដែលមានសំណាងតាមរយៈការបើកគណនីនៅធនាគារ វីង ។ លោក គង់ មាន ជាអ្នកឈ្នះរង្វាន់ធំ បានបង្ហាញក្តីរំភើបរីករាយក្នុងការប្រគល់រង្វាន់។
ធនាគារវីង បានដាក់ឱ្យដំណើរការកម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ នៅក្នុងខែមិថុនា ឆ្នាំ២០២២ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងសហគមន៍ និងផ្តល់រង្វាន់ដល់អតិថិជនសម្រាប់ការគាំទ្រផលិតផលប្រាក់បញ្ញើរបស់ខ្លួន ដែលរួមមានប្រាក់បញ្ញើមានកាលកំណត់ គណនីចរន្ត ក៏ដូចជាគណនីសន្សំជាដើម។
អតិថិជនរបស់ធនាគារ វីង អាចទទួលបានរហូតដល់ ៨% ក្នុងមួយឆ្នាំ នៅពេលពួកគេបើកប្រាក់បញ្ញើមានកាលកំណត់ និងរហូតដល់ ៣% ក្នុងមួយឆ្នាំនៅពេលពួកគេបើកគណនីសន្សំ។
តាមរយៈកម្មវិធី Wing Bank App ធនាគារវីងផ្តល់ជូននូវដំណោះស្រាយឌីជីថលជាង១០០ ដើម្បីដោះស្រាយបញ្ហាផ្សេងៗសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ តាមរយៈកម្មវិធី Wing Bank App អតិថិជនជាបុគ្គល និងម្ចាស់អាជីវកម្មខ្នាតតូចដែលត្រូវការជំនួយផ្នែកហិរញ្ញវត្ថុអាចស្នើសុំប្រាក់កម្ចីរហូតដល់ ៥០,០០០ដុល្លារអាមេរិក ដោយមិនចាំបាច់ទៅសាខាធនាគារ វីង ណាមួយដោយផ្ទាល់នោះឡើយ ដោយទទួលអត្រាការប្រាក់ទាបត្រឹម ១% ក្នុងមួយខែ ហើយរយៈពេលកម្ចីមានរហូតដល់៣ឆ្នាំ៕





