Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ដាក់បន្ថែមម៉ាស៊ីនស្កេនកំដៅចំនួន៣ នៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីផ្ដល់នូវសុខសុវត្ថិភាពផ្នែកសុខភាព ជូនអ្នកដំណើរមកកម្ពុជា

    BY Khmerpress December 29, 2022
    ក្រសួងសុខាភិបាល ដាក់បន្ថែមម៉ាស៊ីនស្កេនកំដៅចំនួន៣ នៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីផ្ដល់នូវសុខសុវត្ថិភាពផ្នែកសុខភាព ជូនអ្នកដំណើរមកកម្ពុជា

    (ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារសុខាភិបាល ដែលមានអគ្គនាយកបច្ចេកទេស, អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ដ្រីអាកាសដ្ឋាអន្ដរជាតិភ្នំពេញ, មន្ដ្រីចត្ដាឡីស័ក និងអាជ្ញាធរទាំងអស់ ចុះពិនិត្យស្ថានភាពអ្នកដំណើរអញ្ជើញចូលមកប្រទេសកម្ពុជា តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។

    លោកស្រីវេជ្ជបណ្ឌិត បានថ្លែងថា ក្រុមការងារសុខាភិបាល និងមន្ដ្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានចុះមកពិនិត្យអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដែលជាទីតាំងទទួលអ្នកដំណើរយ៉ាងច្រើន អញ្ជើញចូលមកប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងដាក់បន្ថែមនូវម៉ាស៊ីនស្កេនកំដៅចំនួន៣គ្រឿងទៀត នៅច្រកចេញចូល VIP ចំនួន១គ្រឿង និងធម្មតាចំនួន២គ្រឿង ដើម្បីធ្វើការតាមដានសុខភាពអ្នកដំណើរដែលចូលមកប្រទេសយើង។

    លោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «យើងបានឯកភាពគ្នាថា យើងនឹងដាក់នូវម៉ាស៊ីនស្កេនកំដៅនៅកន្លែងដែលភ្ញៀវអញ្ជើញមកដល់ ហើយនៅទីតាំង VIP ក៏យើងនឹងដាក់ម៉ាស៊ីនស្កេនកំដៅ ដើម្បីឱ្យប្រាកដប្រជាថា អ្នកដំណើរអញ្ជើញចូលប្រទេសកម្ពុជា មានកំដៅធម្មតា ឬក៏មានការកើនកំដៅ ប្រសិនបើមានការកើនឡើងកំដៅ ៣៧.៥អង្សា យើងនឹងអញ្ជើញគាត់ទៅពិនិត្យសុខភាព ដើម្បីរក្សាសុខភាពជូនគាត់»

    បន្ថែមលើសពីនោះ ក្រសួងសុខាភិបាលក៏បានដាក់នូវម៉ាស៊ីនស្កេនកំដៅនៅព្រលានយន្ដហោះសៀមរាប និងនៅតាមព្រំដែនផងដែរ ដើម្បីប្រាកដប្រជាថា អ្នកធ្វើដំណើរទស្សនៈកិច្ចមកកម្ពុជា មកលេងបងប្អូននៅក្នុងឱកាសចូលឆ្នាំសកល គាត់មានសុខភាពល្អ ឬអការៈធម្មតា។

    លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្ដថា ក្នុងនាមក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ លោកតែងតែយកចិត្ដទុកដាក់ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកតែងតែអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រយ័ត្នប្រយែង ត្រូវតែអនុវត្ដវិធានការ ៣កុំ ៣ការពារ ជាពិសេសប្រជាពលរដ្ឋ​ដែលមិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏សូមអញ្ជើញទៅចាក់វ៉ាក់សាំង ដែលមាននៅគ្រប់ទីកន្លែង តាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់ពលរដ្ឋយើង។

    ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលអញ្ជើញទៅកំសាន្ដនៅតាមរមណីយដ្ឋានផ្សេងៗក៏ត្រូវប្រយ័ត្នប្រយែង ទោះយើងដឹងហើយថា ប្រទេសកម្ពុជាយើងមានការថមថយនៃអត្រាឆ្លងជំងឺកូវីដ១៩ក្ដី តែយើងក៏ត្រូវតែបន្ដការពារខ្លួន ដូច្នេះក្រសួងសុខាភិបាល នៅបន្ដធ្វើការណែនាំដល់ប្រជាជន ឱ្យមានការយល់ដឹងកាន់តែច្រើន ព្រោះកន្លងមកកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ​ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋយើង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: