លោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី ក្នុងថ្ងៃខួបកំណើត ចំណាយពេលវេលាផ្ទាល់ខ្លួន មកស្រុកកំណើតចែកអំណោយដល់សិស្សានុសិស្សឆ្នើម
ខេត្តក្រចេះ៖ ពិតជាគួរឱ្យកោតសរសើរ ដោយលោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី បានចំណាយថវិកា និងពេលវេលាផ្ទាស់ខ្លួនដើម្បីចែកអំណោយដល់សិស្សានុសិស្សឆ្នើមក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។
សម្មភាពនៃការចុះចែកអំណោយ និងរំលែកក្តីស្រលាញ់ពីសំណាក់លោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ចំឱកាសថ្ងៃពិសេសគឺខួបកំណើតរបស់លោកបណ្ឌិត អ៉ី ពិសិដ្ឋ និងនៅក្នុងអនុវិទ្យាល័យ កោះច្រែង ឃុំកោះច្រែង ស្រុកចិតបុរី ខេត្តក្រចេះ ដែលខេត្តនេះក៏ជាស្រុកកំណើតរបស់លោកបណ្ឌិតផងដែរ។
ដើម្បីជាចំណងដៃក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន លោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន បុស្បា ប្រផឹធី បាននាំយកអំណោយជាសម្ភារសិក្សាជូនដល់សិស្សានុសិស្សឆ្នើម ក៏ដូចជាការចូលរួមលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងថ្ងៃបើកបវេសនកាលសិក្សាឆ្នាំថ្មី នៅសាលាអនុវិទ្យាល័យ កោះច្រែង។
នៅក្នុងពិធីនេះដែរ សិស្សានុសិស្សឆ្នើមចំណាត់ថ្នាក់លេខ១ ដល់ លេខ៣ មានចំនួន ៤៥នាក់ ក្នុងម្នាក់ៗទទួលបាន កាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ និងដែកខួង។ ក្នុងឱកាសនេះ លោកបានលើកឡើងផងដែរថា វិស័យអប់រំគឺជាកត្តាសំខាន់មួយសម្រាប់មនុស្សគ្រប់រូប ហើយយុវជនគ្រប់រូប ក៏មានសិទ្ធិទទួលបានការអប់រំស្មើៗគ្នា។ លោកក៏បានលើកទឹកចិត្ត ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដើម្បីជាសរសរទ្រូងនៃប្រទេសជាតិ៕










