Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាទទួលបានចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជិត ៣០ម៉ឺននាក់

    BY Khmerpress January 5, 2023
    កម្ពុជាទទួលបានចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជិត ៣០ម៉ឺននាក់

    (សៀមរាប)៖ ពេញមួយឆ្នាំ២០២២ ចំណូលដែលទទួលបានពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន ១១ ៥២៨ ១៥៨ដុល្លារ កើនឡើង២០៨២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ហើយសម្រាប់ភ្ញៀវទេសចរវិញ មានចំនួន ២៨៧ ៤៥៤នាក់ កើនឡើង ២១៣៣%។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ។

    ចំណូលដែលបានពីការលក់សំបុត្រ ចូលទស្សនាអង្គរក្នុងឆ្នាំ២០២២ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន៥៧៤ ៩០៨ដុល្លារ។ ដោយឡែកចំណូលពីការលក់បណ្ណ ចូលទស្សនាប្រាសាទកោះកែរ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ មានភ្ញៀវទេសចរចូលទស្សនាចំនួន ៦០៣០នាក់ ទទួលបានទឹកប្រាក់ ៩០៤៥០ដុល្លារ។ចំពោះការលក់សំបុត្រជិះទូក ទស្សនាបឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ដែលចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកុម្ភៈ រហូតដល់ដំណាច់ឆ្នាំ២០២២ ទទួលបានចំណូល ១៦៥ ៣០៨ដុល្លារ។

    យោងតាមទិន្នន័យរបស់ដោយគ្រឹះស្ថានអង្គរ បង្ហាញពីសញ្ញាមួយបញ្ជាក់ថា និន្នាការភ្ញៀវទេសចរចាប់ផ្តើម កម្រើកឡើងវិញបន្តិចម្តងៗ បន្ទាប់ពីរាជរដ្ឋាភិបាល បើកប្រទេសឡើងវិញពេញលេញ ចាប់តាំងពីចុងឆ្នាំ២០២១មក និងការគ្រប់គ្រងជំងឺកូវីដ១៩ បានដោយជោគជ័យ បង្កើតបាននូវជំនឿចិត្តដល់ភ្ញៀវទេសចរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: