សិល្បៈ January 5, 2023

ស្តេចកំប្លែង «ទិនហ្វី» កំពុងពិចារណាវិលត្រឡប់មករកការសម្តែងវិញ បន្ទាប់ពីផ្អាកជិត២០ឆ្នាំ

Khmerpress

(ចិន)៖ ស្តេចកំប្លែងល្បីឈ្មោះបោះសំឡេងរបស់ហុងកុង លោក Stephen Chow ដែលទស្សនិកជនខ្មែរតែងតែហៅថា «ទិនហ្វី» នោះ បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង នៅពេលដែលលោកបានផ្តល់ក្តីសង្ឃឹមដ៏តូចមួយថា លោកនឹងត្រឡប់មកសម្តែងវិញនៅថ្ងៃណាមួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

កាលពីថ្ងៃទី១ ខែមករា ផលិតករភាពយន្តរូបនេះ បានបង្ហោះរូបភាពពីខ្សែភាពយន្តចាស់របស់លោក រឿង «God of Cookery» ដើម្បីជូនពរអ្នកគ្រប់គ្នា ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយបានសរសេរថា «ក្នុងឆ្នាំថ្មីនេះ បើចង់បានអ្វីជួយចែករំលែកផង!»។ ឆ្លើយតបនឹងសារនេះ មនុស្សជាច្រើនបានបញ្ចេញមតិ ដើម្បីបង្ហាញពីបំណងប្រាថ្នាចុងក្រោយរបស់ពួកគេ ខណៈអ្នកគាំទ្រភាគច្រើន សុទ្ធតែនិយាយថា ពួកគេចង់ឲ្យតារាកំប្លែងរូបនេះ ត្រឡប់មកសម្តែងភាពយន្តឡើងវិញ។

ជាការឆ្លើយតបទៅកាន់ Comment របស់អ្នកគាំទ្រ តារាកំប្លែង ទិនហ្វី បាននិយាយថា លោកនឹងគិតអំពីរឿងនេះ។ តែយ៉ាងណា បើតាមប្រធានសមាគមផលិតភាពយន្ដហុងកុង និងជាមិត្តជិតស្និទ្ធរបស់ស្ដេចកំប្លែង ទិនហ្វី បាននិយាយថា អារម្មណ៍ពុះកញ្ជ្រោលរបស់ Stephen Chow នៅក្នុងការសម្ដែងគឺនៅតែមាន។ យ៉ាងណាទស្សនិកជនដែលស្រឡាញ់លោកនឹងត្រូវរង់ចាំ ២ទៅ៣ឆ្នាំទៀត ទើបអាចទស្សនារឿងថ្មីរបស់លោកបាន។

គួរជម្រាបថាលោក ទិនហ្វី បានឈប់សម្តែង ហើយងាកមកធ្វើជាផលិតករ និងដឹកនាំភាពយន្តនៅឆ្នាំ២០០៨។ ភាពយន្តចុងក្រោយដែលលោកបានចូលរួមជាតួសម្តែង គឺរឿង CJ7 (ស៊ីជេសេវេន)។ ប៉ុន្មានឆ្នាំមកនេះ លោកបានផ្ដោតលើការតែងនិពន្ធ ដើម្បីបំពេញចិត្តស្រឡាញ់សិល្បៈ។ បើតាមប្រភពបានឲ្យដឹងថា តារាវ័យ ៦០ឆ្នាំរូបនេះ គឺចង់ត្រឡប់មកសម្ដែងវិញមុនអាយុ ៦៥ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews