កីឡាអុកចត្រង្គ បើកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដើម្បីជាពិសោធន៍ត្រៀមស៊ីហ្គេម ២០២៣
(ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នេះ បានរៀបចំពិធីបើកការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ (SEA OUK CHAKTRANG Championship) ឆ្នាំ២០២៣ ជាផ្លូវការហើយ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រតិភូ និងអត្តពលិកមកពី ៥ប្រទេសចូលរួម រួមមានវៀតណាម ថៃ មីយ៉ាន់ម៉ា ឡាវ និងម្ចាស់ផ្ទះកម្ពុជា ។
លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រតិភូ កីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមការប្រកួត ដ្បិតនេះជាលើកទី១ ដែលសហព័ន្ធបានរៀបចំព្រឹត្តិការណ៍អន្ដរជាតិថ្នាក់តំបន់នេះឡើង ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) ។
ប្រមុខសហព័ន្ធរូបនេះ បន្ដថា ព្រឹត្តិការណ៍ Pre-SEA Games នេះ នឹងធ្វើឡើង ១សប្ដាហ៍ពេញ ចាប់ពីថ្ងៃទី០៧-១៣ ខែមករា ឆ្នាំ២០២៣ ដោយផ្ដោតសំខាន់លើការប្រកួតលក្ខណៈមិត្តភាព និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ហើយទន្ទឹមជាមួយការប្រកួតទៀតសោត សហព័ន្ធក៏មានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់សិក្ខាកាម ជាប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួម ដើម្បីស្វែងយល់ច្បាស់ពីកីឡាអុកចត្រង្គ ហើយត្រៀមឆ្ពោះទៅការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។
លោក គុជ គីមឡុង «គោលបំណងនៃការប្រកួតនេះ ដើម្បីផ្សព្វផ្សាយអំពីបទបញ្ជាបច្ចេកទេស លក្ខន្ដិកៈ ដល់អាជ្ញាកណ្ដាល ចៅក្រម កីឡាករ-កីឡាការិនីអន្តជាតិ ក៏ដូចជាមានការប្រកួតលក្ខណៈមិត្តភាពកីឡាអុកចត្រង្គរវាងកីឡាករ-កីឡាការិនីរបស់កម្ពុជា ជាមួយកីឡាករ-កីឡាការិនីរបស់ប្រទេសដែលចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងបង្កើនបទពិសោធន៍ ដល់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម ក្នុងការត្រៀមរៀបចំការប្រកួតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ» ។
សូមបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ លើកដំបូង នៅកម្ពុជានេះ គឺធ្វើការប្រកួតលើ ៦វិញ្ញាសា ដោយមានប្រតិភូ និងអត្តពលិកចូលរួមសរុប ៦២នាក់ រួមមានម្ចាស់ផ្ទះកម្ពុជា ១៦នាក់, វៀតណាម ១៦នាក់, ថៃ ១៦នាក់, មីយ៉ាន់ម៉ា ៧នាក់ និងឡាវ ៧នាក់ ៕ ផ្តល់សិទ្ធិដោយ៖ freshnews







