Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក គង់ គាំ សម្រេចប្រគល់ដីដែលខ្លួនរស់នៅ ជូនរដ្ឋវិញ

    BY Khmerpress January 13, 2023
    លោក គង់ គាំ សម្រេចប្រគល់ដីដែលខ្លួនរស់នៅ ជូនរដ្ឋវិញ

    (ភ្នំពេញ)៖ ទីបំផុតទៅ លោក គង់ គាំ បានសម្រេចប្រគល់ដីដែលខ្លួនរស់នៅបច្ចុប្បន្នជូនទៅរដ្ឋវិញ តាមការទាមទាររបស់ក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោកទទួលស្គាល់ថា ដីនោះមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។

    ក្នុងលិខិតផ្ញើជូនលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ បានទទួលស្គាល់ថា ខ្លួនមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់ផ្ទះ និងដី។

    ក្នុងលិខិតនេះ លោក គង់ គាំ បានថ្លែងអំណរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុគ្រោះដល់ការឆ្គាំឆ្គងរបស់លោក។

    លោក គង់ គាំ ចេញមកប្រកាសប្រគល់ដីស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជូនទៅក្រសួងការបរទេសវិញនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសម្តេចតេជោ ស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវ ពីការបន្លំធ្វើបណ្ណកម្មសិទ្ធិគ្រប់គ្រងដីកម្មសិទ្ធិរដ្ឋ ពីសំណាក់លោក គង់ គាំ។

    សូមបញ្ជាក់ថា ដីដែលលោក គង់ គាំ កំពុងរស់នៅ ហើយប្រកាសប្រគល់ឱ្យរដ្ឋវិញនៅពេលនេះ គឺជាដីកម្មសិទ្ធិក្រសួងការបរទេស ហើយត្រូវបានលោកចូលមករស់នៅកាលពីឆ្នាំ១៩៨២ ពេលនៅជាសមាជិកបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីការបរទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: