រដ្ឋាភិបាល ប្រកាសទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាច
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាច ពោលគឺពីឆ្នាំ២០២៣នេះ ដល់ឆ្នាំ២០២៨។ សម្តេចតេជោ បានមានប្រសាសន៍ថា «សារព័ត៌មានអនឡាញមាន៦២១ស្ថាប័ន ៩៧%ជាប្រភេទធុនតូច ទាក់ទងផ្នែកប៉ាតង់ ខ្ញុំប្រកាសជូនជាបន្ទុករបស់រដ្ឋរយៈពេល៥ឆ្នាំ។ ប៉ុន្តែត្រូវទៅចុះបញ្ជីដូចធម្មតា មិនត្រូវបង្កើតក្រៅច្បាប់»។ សម្តេចក៏បានបញ្ជាក់ថា ករណីនេះមិនពាក់ព័ន្ធជាមួយប្រ័ពន្ធផ្សព្វផ្សាយធំៗដូចជា វិទ្យុ ទូរទស្សន៍ឡើយ ពោលគឺអនុគ្រោះប្រព័ន្ធអនឡាញតូចតាច។
សម្តេចថ្លែងបែបនេះ ក្នុងឱកាសសម្តេចបានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត ៥,០០០ នាក់ នៅសាលពិព័ណ៌កោះពេជ្រ ពិធីននេះធ្វើឡើងវិញ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣៕

