Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កីឡាកាយវប្បកម្ម ត្រូវបានដកចេញពីស៊ីហ្គេម ខណៈប្រធានសហព័ន្ធបានត្រឹមសោកស្ដាយជាខ្លាំង

    BY Khmerpress January 18, 2023
    កីឡាកាយវប្បកម្ម ត្រូវបានដកចេញពីស៊ីហ្គេម ខណៈប្រធានសហព័ន្ធបានត្រឹមសោកស្ដាយជាខ្លាំង

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្រេចដកកីឡាកាយវប្បកម្ម ចេញពីការប្រកួតហើយ ក្រោយសហព័ន្ធរកឃើញកីឡាករ ២រូប ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់(ដូភីង) ប្រភេទ Steroids កំឡុងការប្រកួតកីឡាជាតិ លើកទី៣ កាលពីថ្មីៗ ។ នេះបើតាមការបញ្ជាក់របស់លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ។

    ការទម្លាយនូវព័ត៌មានដ៏រសើបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការសហព័ន្ធ កាលពីព្រឹកមិញ ដើម្បីបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុហាមឃាត់ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋផង និងដើម្បីឲ្យកីឡាករសារភាព និងសុំទោសជាសាធារណៈ ចំពោះមិត្តរួមក្រុម ដែលបានប្រើប្រាស់សារធាតុហាមឃាត់ខាងលើ នាំឲ្យកីឡាកាយវប្បកម្ម បាត់បង់ឱកាសក្នុងការប្រកួតកីឡាស៊ីហ្គេមលើកដំបូងនៅកម្ពុជានេះ ។

    លោក តឹក ប៊ុនវី បានបញ្ជាក់ថា កីឡាករ ២រូប ដែលរកឃើញសារធាតុហាមឃាត់ ក្រោយកីឡាជាតិ លើកទី៣ កាលពីខែវិច្ឆិកា រួមមានកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បន្ទាប់ពីពួកគេបានចូលសារភាពចំពោះមុខសហព័ន្ធ ចំពោះកំហុសឆ្គង ដែលពួកគេបានប្រព្រឹត្តដោយអចេតនា ដោយសារការជឿទុកអ្នកស្គាល់គ្នា ដោយខ្វះការពិចារណា ។ លោកសោកស្ដាយជាខ្លាំង ដែលកើតមានរឿងនេះ ហើយអ្វីដែលលោកឈឺចិត្តនោះ គឺការខំប្រឹងរបស់សហព័ន្ធ និងកីឡាករផ្សេង ត្រូវបានខកបំណងបង្ហាញខ្លួនក្នុងស៊ីហ្គេម ។

    លោកបន្ដថា «ការពាក់ព័ន្ធនឹងសារធាតុហាមឃាត់ Steroids ធ្វើឲ្យប៉ះធ្ងន់ធ្ងរ ចំពោះសហព័ន្ធ ព្រោះសហព័ន្ធបានខំប្រឹង និងយកចិត្តទុកដាក់ណាស់ លើការហ្វឹកហាត់ ទាំងក្នុង និងក្រៅប្រទេស ដើម្បីកីឡាករយើង តែទីបំផុតយើងក៏ជួបបញ្ហាដូភីង ។ ការជ្រើសរើសកីឡាករជម្រើសជាតិទាំងអស់ យើងបានធ្វើកិច្ចសន្យាហាមដាច់ខាត មិនឲ្យពាក់ព័ន្ធសារធាតុហាមឃាត់…។ ខ្ញុំមានការសោកស្ដាយ និងឈឺចាប់មែនទែន ហេតុអ្វី យើងដឹងហើយ លឺហើយ ថាសហព័ន្ធយើងប្រឈមមុខម្ដងហើយម្ដងទៀត ពាក់ព័ន្ធនឹងរឿង Steroids មូលហេតុអ្វី បានយើងនាំគ្នាបំផ្លាញ់ទឹកចិត្ត និងការខិតខំប្រឹងប្រែងនេះ» ។

    ប្រធានសហព័ន្ធដដែលបន្ថែមថា «សម្រាប់ខ្ញុំជាថ្នាក់ដឹកនាំសហព័ន្ធ ក៏មិនខុសពីកីឡាករដែរ គឺមានការសោកស្ដាយយ៉ាងខ្លាំង ហើយក៏ស្នើសុំឲ្យខាងគណៈកម្មាធិការជាតិ CAMSOC ជួយធ្វើម៉េចឲ្យកីឡាកាយវប្បកម្មរបស់យើង បានចូលរួមប្រកួតស៊ីហ្គេមឡើងវិញ។ យើងសោកស្ដាយដែលកីឡាករ ២នាក់ធ្វើខុស ហើយ ២នាក់នេះ ដកចេញពីការប្រកួតចុះ ប៉ុន្ដែអ្នកដែលអត់បានពាក់ព័ន្ធ ដែលយើងបានត្រៀមរហូតដល់ ២៥នាក់ទាំងគ្រូ ។ អ៊ីចឹងអ្នកអត់ពាក់ព័ន្ធ សូមឲ្យគាត់បានចូលរួមប្រកួតឡើងវិញ» ។

    ជាមួយគ្នាដែរ កីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង ក៏បានសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ដែលកើតឡើងដោយអចេតនា ដ្បិតការចាក់ថ្នាំសម្រកជាតិទឹក មុនការប្រកួតកីឡាជាតិ លើកទី៣ ខ្លួនពុំបានដឹងពីផលប៉ះពាល់ ឬជាសារធាតុហាមឃាត់ក្នុងវិស័យកីឡានោះទេ ។ ផាន់ ណារិទ្ធ បង្ហើបថា មុនការប្រកួតកីឡាជាតិ ខ្លួន និងមិត្តភ័ក្ដ្រ(ស៊ាង ម៉េងសាង) បានទៅក្លិបហាត់ប្រាណ King GYM ដែលមានអតីម្ចាស់មេដាយមាសអន្ដរជាតិ សំបូរ សុភ័ណ្ឌ ជាក្លិប ដើម្បីសុំការណែនាំ មុនការប្រកួតកីឡាជាតិ ។

    ណារិទ្ធ បន្ដថា «ដល់ពេលយើងហ្វឹកហាត់ សមបង្ហាញសាច់ដុំហើយ គាត់(សំបូរ សុភ័ណ្ឌ) សួរពួកខ្ញុំតើអាចមកគេងនៅក្លិបបានអត់យប់ហ្នឹង? យើងមានវិធីសាស្ដ្រពិសេស ដើម្បីអាចជួយកែកុនបានបន្ដិចទៀត ដើម្បីមើលទៅកាន់តែស្អាត ។ ចឹងយើងក៏បានត្រឡប់ទៅផ្ទះ ដើម្បីរៀបចំសម្លៀកបំពាក់មកគេងនៅក្លិប ហើយព្រលឹមឡើងយើងចេញទៅប្រកួតតែម្ដង ។ យប់ហ្នឹង យើងអត់ដឹងទេថា មានវិធីអ្វី? ដល់ពេលយើងញាំអីហើយ បានគាត់ថា កន្លះម៉ោងទៀត ពួកយើងត្រូវបញ្ចុះទឹកនោម ហើយយើងក៏អត់ដឹងដែរថា អាហ្នឹងវាប៉ះពាល់ដល់អញ្ចឹង ។ ចឹងគាត់ក៏បានហៅគ្នីគ្នារបស់ខ្ញុំម្ដងម្នាក់ៗ ដើម្បីចាក់ថ្នាំបញ្ចុះទឹកនោមហ្នឹង» ។

    និយាយពីការចាក់ថ្នាំទៀតសោត កីឡាករមានដើមកំណើតពិខេត្តកំពង់ចាមខាងលើ ក៏បានសួរលោក សំបូរ សុភ័ណ្ឌ ដែលថា «តើថ្នាំហ្នឹង(ថ្នាំសម្រកជាតិទឹក) មានប៉ះពាល់អ្វីដល់ការប្រកួតអត់បង? គាត់ថា អត់អីទេ វាមានរយៈពេលត្រឹមតែ ៧ថ្ងៃអស់ហើយ ព្រោះយើងត្រៀមស៊ីហ្គេម គាត់ក៏ដឹងយើងត្រៀមស៊ីហ្គេមដែរ ។ ចឹងគាត់ថា អត់មានប៉ះពាល់អីទេ ព្រោះតែ ៧ថ្ងៃវាអស់ពីក្នុងខ្លួនហើយ» ។

    យ៉ាងណាក្ដី ណារិទ្ធ បានដាក់ការសង្ស័យលើភាពមិនប្រក្រតីក្នុងដំណើរឿងនេះ ដ្បិតក្រោយចប់ការប្រកួតកីឡាជាតិ មានភ្នាក់ងារដូភីងកម្ពុជា បានហៅចំៗឈ្មោះខ្លួន ដែលដណ្ដើមបានមេដាយមាស និងមិត្តភ័ក្ដ្រ(ស៊ាង ម៉េងសាង) ទៅធ្វើតេស្ដរកសារធាតុហាមឃាត់ ទាំងដែលបាននិយាយគ្នាថា ជាគោលការណ៍ការធ្វើតេស្ដផ្ដោតតែលើម្ចាស់មេដាយមាសប៉ុណ្ណោះ ។

    ឆ្លើយនឹងសំណួរ តើការចាក់ថ្នាំសម្រកជាតិទឹកនេះ អាចនឹងមានការផ្ដល់ព័ត៌មានទៅភ្នាក់ងារដូភីងដែលឬទេ? ណារិទ្ធ បានតបថា «ខ្ញុំសង្ស័យដែរ ដោយសារគាត់(សំបូរ សុភ័ណ្ឌ) ជាកីឡាករនៅក្រៅការប្រកួត តែគាត់មានខ្សែរយៈខាងដូភីង វាអត់ទំនង ព្រោះដូភីង គាត់ជាអង្គភាពមួយក្រៅរដ្ឋាភិបាល។ ខ្ញុំសង្ស័យចាក់ឲ្យយើងហើយ ផ្ដល់ព័ត៌មានឲ្យគេ ព្រោះកីឡាករផ្សេងៗទៀត មានន័យថា ក្រុមជាមួយគាត់ដែរ គ្រាន់តែពួកគាត់នៅផ្សេងៗគ្នា តែគេអត់ចាប់ទេ» ។

    ទោះបែបនេះក្ដី ទាំងកីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង បានទទួលស្គាល់កំហុស ដែលខ្លួនបានដើរលើផ្លូវខុសនេះ ហើយពួកគេ ក៏បានអំពាវនាវដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ចាត់វិធានការលើជនទុច្ចរិត ដែលនាំចូល និងចែកចាយថ្នាំស្ថិតក្នុងបញ្ជីហាមឃាត់របស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក(WADA) ដើម្បីចៀសវាងផលប៉ះពាល់ផ្សេងៗ ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងអ្នកលេងកីឡា ពិសេសកីឡាកាយវប្បកម្មតែម្ដង ។

    បន្ថែមលើនេះ ពួកគេក៏បានស្នើសុំការអន្ដរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីបានដាក់បញ្ចូលកីឡានេះក្នុងស៊ីហ្គេម លើកទី៣២ ដើម្បីបានផ្ដល់ឱកាសដល់មិត្តរួមក្រុមផ្សេងទៀត ដែលមិនបានសាងកំហុស មានឱកាសបង្ហាញសមត្ថភាព និងដណ្ដើមមេដាយជូនជាតិក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: