គ្រូចុះអនុវត្តវិន័យដើរឈូសសក់សិស្សប្រុសរហូតឆកសក់ ធ្វើឱ្យផ្ទុះការជជែកវែកញែកផ្អើលពេញបណ្តាញសង្គម
ផ្ទុះការវែកញែកផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយមានករណីគ្រូចុះអនុវត្តវិន័យដើរឈូសសក់សិស្សប្រុសរហូតឆកសក់ និងខ្លះបង្ខំចិត្តកោរ ត្រូវបានមហាជនរិះគន់ពេញបណ្តាញសង្គម។
យោងតាមការបង្ហោះរបស់ វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន បានបង្ហាញនូវការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូ និងក្រុមប្រឹក្សាយុវជន ដែលវិន័យរបស់សាលាដែលតម្រូវឱ្យសក់បែបប៉េអឹម។
ប៉ុន្តែការអនុវត្តនេះក៏មានមានការលើកឡើងថា សិស្សប្រុស សក់ខ្លីមិនគ្របលើ ស្លឹកត្រចៀកផងក៏ត្រូវបានគ្រូ ចុះអនុវត្តវិន័យយកម៉ូទ័រឈូសសក់ឡើងឆក ធ្វើឱ្យមានការរិះគន់យ៉ាងចាស់ដៃពីមហាជន។
ទាក់ទងនឹងរឿងរ៉ាវនេះ ក្នុងនោះផងដែរ ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏បានលើកឡើងនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា «រូបភាព គ្រូបង្រៀន ឈូសសក់ សិស្ស! ១/ ស្តង់ដារសក់ខ្លី តើកំណត់ខ្លីត្រឹមណាទៀត? ២/ តើទទួលគោលការណ៍ធ្វើរបៀបនេះ ចេញពីកម្រិតណា? ម៉េចក៏កើត រោគចិត្ត អ៊ីចឹងអស់ទៅ? ភាពជាគំរូ និងសុភវិនិច្ឆ័យ ទៅណាបាត់អស់? ទង្វើនេះជាការបំបាក់ផ្លូវចិត្តសិស្សធំណាស់ ដែលត្រូវមានការកែលម្អឡើងវិញ! រួមគ្នាគិតគូពីគំរូសីលធម៌ខ្លួនឯងនិងតម្លៃសង្គមឡើងវិញ»៕








