ព័ត៌មានជាតិ January 24, 2023

ឯកឧត្តម ជុំ កុសល ៖ «នេះគឺជាកាយវិការគួរឲ្យកោតសរសើរចំពោះគាត់! ចុះហេតុអីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាលទៅវិញ?»

Naren

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានលើកឡើងនូវករណីមួយដែលកំពុងតែមានការជជែកវែកញែក ក្រោយមានករណីបុរសម្នាក់ បានឃើញគេដួលម៉ូតូ​នៅស្ពានជ្រោយចង្វារ ក៏បានទៅជួយលេីកម៉ូតូគេ ប៉ុន្តែបែរត្រូវរកការស្តីបន្ទោស​ សម្លុត​ស្រែកគំហក​ ពីសំណាក់សមត្ថកិច្ច ជាពិសេសគឺអ្នកសារព័ត៌មានល្បីឈ្មោះម្នាក់។

ឯកឧត្តមបានលើកឡើងថា បុរសរូបនោះមានចិត្តសង្រ្គោះ ឃើញគ្រោះថ្នាក់នៅចំពោះមុខក៏ចុះជួយ ជាកាយវិការគួរឲ្យកោតសរសើរ ប៉ុន្តែបែរជាគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាល។ ឯកឧត្តមបានសរសេររៀបរាប់ថា៖ «ឃើញហើយទើសចិត្តពេក! មនុស្សមានចិត្តសង្រ្គោះ ឃើញគ្រោះថ្នាក់នៅចំពោះមុខក៏ចុះជួយ។ នេះគឺជាកាយវិការគួរឲ្យកោតសរសើរចំពោះគាត់! ចុះហេតុអីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាលទៅវិញ?។ ករណីលើកម៉ូតូចេញ មិនមែនជារឿងខុសច្បាប់អីនោះទេ គ្រាន់តែបាត់ដានដែលជាហេតុនាំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ ប៉ុន្តែបុរសនោះគាត់បានលើកដៃសុំទោសហើយ ដោយសារតែគ្នាមិនដឹង។ គួរណាស់តែអស់លោកដែលដឹងនិយាយពន្យល់ប្រាប់គាត់ដោយសំដីទន់ភ្លន់ ចាំបាច់ស្រែកគំហកដាក់គ្នា?។ កាយវិការ និងពាក្យសំដីរបស់អ្នកសារព័ត៌មានបែបនេះគឺជាការបំបាក់ទឹកចិត្តដល់អ្នកក្រោយៗទៀត ដែលជួបរឿងបែបនេះខ្លាចមិនហ៊ានជួយទេ។ សូមគិតឡើងវិញ កុំប្រើតួនាទីជ្រុលចេញឆ្ងាយពីតួនាទីស្នូលរបស់ខ្លួនពេក វានាំឲ្យបាត់តម្លៃ»៕