ព័ត៌មានជាតិ January 24, 2023

មន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង បកស្រាយទាក់ទងនឹងករណីគ្រូចុះអនុវត្តវិន័យដើរឈូសសក់សិស្សប្រុសនៅវិទ្យាល័យមួយ រហូតរងការរិះគន់ពីសាធារណជន

Naren

ក្រោយរងការរិះគន់ពីសំណាក់មហាជន ទៅនឹងសកម្មភាពគ្រូចុះអនុវត្តវិន័យដើរឈូសសក់សិស្សប្រុសរហូតឆក នៅសាលាវិទ្យាល័យសំពៅលូន មន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង ក៏បានធ្វើការបកស្រាយទៅកាន់សាធារណជនភ្លាមៗផងដែរ។

យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផេក មន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង បានបកស្រាយថា ៖ «ការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូនឹងក្រុមប្រឹក្សាយុវជន… ថ្ងៃច័ន្ទ ២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ វិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន ដោយមានការលើកឡើងក៏ដូចជាមានមតិរិះគន់មួយចំនួនបានកើតឡើងចំពោះសកម្មភាពគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន។យើងខ្ញុំសូមធ្វើការបកស្រាយដូចតទៅ៖ ចំពោះគោលបំណងនៃការរឹតបន្ដឹងវិន័យសាលាបានដាក់ចេញនូវគោលការមួយចំនួនក្នុងនោះក៏មានលក្ខខណ្ឌសម្រាប់សិស្សប្រុសត្រូវកាត់សក់ឱ្យខ្លី។ សាលាបានជូនដំណឹងក៏ដូចជាមានការឯកភាពពីសាមីសិស្សផងដែរហើយសាលាបានកំណត់ពេលសមស្របសម្រាប់ការអនុវត្តរបស់សិស្សផងដែរ។ ចំពោះមួយចំនួនដែលគណៈគ្រប់គ្រងក៏ដូចជាលោកគ្រូអ្នកគ្រូបានអនុវត្តនូវកម្រិតវិន័យនោះដោយសារសិស្សទាំងនោះមិនបានអនុវត្តតាមការណែនាំក៏ដូចជាគោលដែលខ្លួនបានព្រមព្រៀង។ ដូច្នេះសូមសាធារណជនទាំងអស់កុំមានការលើកលើកឡើងឬបកស្រាយផ្សេងៗប៉ះពាល់ពាល់ដល់ស្ថាប័នក៏ដូចជាថ្នាក់ដឹកនាំទៀត។ សូមអរគុណ!»៕