ព័ត៌មានជាតិ January 26, 2023

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រតិកម្ម លើករណីជម្លោះរវាងអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូ ព្រមទាំងស្នើឱ្យបញ្ចប់ការវែកញែករឿងនេះផងដែរ

Naren

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សម្តែងការហួសចិត្តចំពោះរឿងជម្លោះរវាងអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូនៅលើស្ពានជ្រោយចង្វារ ហើយសម្តេចស្នើឱ្យបញ្ចប់ការវែកញែករឿងនេះផងដែរ។ សម្តេចបានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «រឿងជ្រោយចង្វានេះគួរបញ្ឈប់ហើយ ក៏ឈប់វាទៅ កុំបន្តទៅទៀត ប៉ុន្តែអ្វីជាការហួសចិត្ត ខ្ញុំអត់យល់..ខុសត្រូវយ៉ាងណាគឺជារឿងមួយ តែស្ទះចរាចរណ៍លើស្ពាន វាមិនគួរឱ្យកើតមានទេ ការជួយគ្នាគឺជារឿងចាំបាច់ អ្វីដែលជារឿងឆ្គងគឺត្រង់ថា អ្នកសុំទោស មិនបានសុំទោសប៉ូលិសឯណា..ទៅសុំទោសអ្នកកាសែត តើកាសែតហ្នឹង មានសិទ្ធអី។ ខ្ញុំអត់ដឹងថា តើអ្នកកាសែតមានសិទ្ធិអីទៅគំរាមកំហែងគេរបៀបហ្នឹង រឿងហ្នឹងវាអត់ត្រូវអីទាល់តែសោះ ដំបូងបំផុតចាំបាច់ត្រូវតែជួយគ្នាសិន រឿងយ៉ាងណាក៏ដោយ តែរឿងអត់សមហេតុសមផលទេ នូវការប្រើពាក្យសម្ដីបែបនេះ បើខ្លួនជាប៉ូលិសខ្ញុំមិនថាទេ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានហៅក្រុមអ្នកសារព័ត៌មានអនឡាញទៅអប់រំបន្ថែមរឿងក្រមសីលធម៌វិជ្ជាជីវៈផងដែរ៕