ក្រសួងសុខាភិបាលថៃ ជំរុញឱ្យម្ចាស់ភោជនីយដ្ឋាននានាក្នុងប្រទេស កាត់បន្ថយការប្រើបរិមាណស្ករ នៅក្នុងអាហារនិងភេសជ្ជៈ
ក្រសួងសុខាភិបាលថៃកំពុងធ្វើការជាមួយវិស័យឯកជន ដូចជាម្ចាស់ភោជនីយដ្ឋាន ក្នុងប្រទេស ផលិតករភេសជ្ជៈទឹកផ្អែមនានា ដើម្បីកែលម្អម្ហូបអាហាររបស់សាធារណៈជន តាមរយៈគម្រោងមួយដែលម្ចាស់ភោជនីយដ្ឋានចូលរួមកាត់បន្ថយបរិមាណស្ករដែលពួកគេប្រើប្រាស់ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងទម្ងន់លើសពីធម្មតា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
លោកវេជ្ជបណ្ឌិត Suwannachai Watthanayingcharoenchai ប្រធាននាយកដ្ឋាន បាននិយាយកាលពីម្សិលមិញថា មន្ត្រីរបស់នាយកដ្ឋានបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន IMPACT ដើម្បីបង្កើតម៉ឺនុយអាហារ និងភេសជ្ជៈដែលមានសុខភាពល្អ ដោយកាត់បន្ថយបរិមាណស្ករដែលពួកគេប្រើប្រាស់ក្នុងអាហារនិងភេសជ្ជៈរបស់ពួកគេចំនួន ៥% ។ លោកវេជ្ជបណ្ឌិត Suwannachai បាននិយាយថា «កិច្ចសហប្រតិបត្តិការបែបនេះគឺចាំបាច់ដើម្បីកែលម្អការយល់ដឹងជាសាធារណៈអំពីទំនាក់ទំនងរវាងការទទួលទានអាហារ និងភេសជ្ជៈ»។
លោកបាននិយាយថា ការទទួលទានស្ករច្រើនហួសកម្រិតកំពុងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជនថៃដោយការធាត់លើសទម្ងន់ក្លាយជាបញ្ហាចម្បងក្នុងប្រទេស។ ដោយថានៅពេលបច្ចុប្បន្ននេះ ពលរដ្ឋថៃដែលមានអាយុលើពី ១៥ ឆ្នាំទៅប្រហែលជា ៣៧ % មានទម្ងន់លើសពីធម្មតា។
ទន្ទឹមនឹងនេះ លោក Pol Kanchanapas នាយកប្រតិបត្តិនៃក្រុមហ៊ុន Bangkok Land Plc ដែលជាម្ចាស់ក្រុមហ៊ុន IMPACT Group បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងធានាថាគ្រឿងផ្សំដែលមានសុខភាពល្អត្រូវបានប្រើប្រាស់នៅក្នុងអាជីវកម្មម្ហូបអាហារទាំងអស់របស់ខ្លួនជាផ្នែកនៃកិច្ចព្រមព្រៀង៕ ប្រភព៖ bangkokpost

