អភិបាលខេត្ដក្រចេះ៖ ក្រុមហ៊ុនអាជីវកម្មចិនមួយបានចម្រាញ់មាស ចាប់ពីខែតុលា ឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្នបាន ៦៧,៥៣គីឡូក្រាម
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានលើកឡើងថា ចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនអាជីវកម្មរុករករ៉ែមាសមួយរបស់ប្រទេសចិនបានធ្វើការរុករករ៉ែមាស និងចម្រាញ់មាសបាន៦៧,៥៣គីឡូក្រាម។ ការលើកឡើងរបស់ឯកឧត្ដមអភិបាលខេត្ដនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ” នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្ដម វ៉ា ថន បានគូសបញ្ជាក់ថា៖ «ជាការចាប់អារម្មណ៍ក្រុមហ៊ុនរ៉ែមាស១ ដែលវិនិយោគមកពីប្រទេសចិន ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ បានចម្រាញ់មាសសុទ្ធចាប់ ពីខែតុលា ឆ្នាំ២០២២ ដល់ពេលបច្ចុប្បន្នបាន៦៧,៥៣គីឡូក្រាម»។ ឯកឧត្តមបន្តថា កាលពីចុងឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរខេត្ដបានចុះទៅទីតាំងក្រុមហ៊ុនចម្រាញ់មាសនេះផ្ទាល់ ផងដែរ ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ខេត្តក្រចេះមានសក្តានុពលលើវិស័យធនធានធម្មជាតិ ដូចជាវិស័យរ៉ែថ្មីក្រានីត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកចិត្របុរី និងស្រុក សំបូរ។ ទន្ទឹមនេះ នៅក្នុងខេត្តក្រចេះមានក្រុមហ៊ុនរុករក និងស្វែងរករ៉ែចំនួន៦១ក្រុមហ៊ុន ស្មើនឹង៦៥អាជ្ញាបណ្ណ ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈចំនួន៥ក្រុមហ៊ុន ស្មើ៦អាជ្ញាបណ្ណ ក្រុមហ៊ុន អាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ការរដ្ឋានវាយថ្មចំនួន២៥ក្រុមហ៊ុន ស្មើ២៨អាជ្ញាបណ្ណ និងក្រុមហ៊ុនក្រួសខ្សាច់ ៨ក្រុមហ៊ុន ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែងបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងតែជំរុញការអភិវឌ្ឍតំបន់វិស័យទេសចរណ៍ ដែលមានចំនួន២១កន្លែងនៅក្នុងនោះ រួមមានរមណីយដ្ឋានប្រវត្តិសាស្ត្រ៦កន្លែង រមណីយដ្ឋានធម្មជាតិ១១កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិ១កន្លែង រមណីយដ្ឋាន កែច្នៃ៣កន្លែង និងរមណីយដ្ឋានបម្រុងទុក១កន្លែង។ លើសពីនេះទៀត ក្នុងខេត្តក្រចេះ ក៏មានធនធានដ៏កម្រគឺសត្វផ្សោត ដែលត្រូវបានគ្រប់គ្រងអភិរក្ស ដែលបច្ចុប្បន្នមានសត្វផ្សោតរស់មានចំនួនប្រមាណ ៨០ក្បាល ហើយតំបន់នោះត្រូវបានអភិវឌ្ឍន៍ និងរៀបចំរមណីយដ្ឋានទេសចរណ៍ ដែលបានកំពុងទាក់ទាញអ្នកទេចរជាតិ និងអន្តរជាតិ ព្រមទាំងមានកំណើនជារៀងរាល់ឆ្នាំ។
ក្រៅពីនេះ ខេត្តក្រចេះក៏មានសណ្ឋាគារ១៥កន្លែង ផ្ទះសំណាក់៥២កន្លែង រមណីយដ្ឋាន អាហារដ្ឋាន ១៥៥កន្លែង សេវាកម្សាន្តមនុស្សពេញវ័យ២៣កន្លែង ហាងម៉ាស្សា១១កន្លែង ។ នៅក្នុងឆ្នាំ២០២២ ខេត្តក្រចេះបានទទួលភ្ញៀវទេសចរចំនួន ៣៦៣ ៩៨២ នាក់ ក្នុងនោះ ភ្ញៀវទេចរអន្តរជាតិ ៧ ០៦៥ នាក់ និងភ្ញៀវទេសចរជាតិ ៣៥៦ ១១៧ នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន