សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសិក្សារកទីតាំងដីសាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រមកពីតាមបណ្តាខេត្ត
ភ្នំពេញ៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន ១ ០៤៩នាក់ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសាលារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡាសិក្សារកទីតាំងសាងសង់អគារអន្តេវាសិកដ្ឋានមួយកន្លែងបន្ថែមទៀតសម្រាប់និស្សិតក្រីក្រស្នាក់នៅជាពិសេសសម្រាប់និស្សិតជាស្ត្រី។
សម្តេចតេជោ មានប្រសាសន៍ថា៖ «ខ្ញុំស្នើឱ្យពិនិត្យមើលបន្ថែមទៀត ឯកឧត្តម ឃួង ស្រេង ខ្ញុំចង់បានឱ្យបង្កើតអន្តេវាសិកដ្ឋានមួយទៀត បើទោះបីវានៅឆ្ងាយបន្តិច»។ «ខ្ញុំចង់បាន ពីរបីរយគ្រែទៀត សម្រាប់សិស្សរបស់យើង»។ យើងខ្វះកន្លែងស្នាក់នៅ និស្សិតជាបុរសអាចស្នាក់នៅវត្តលោកបាន ប៉ុន្តែនិស្សិតជានារីមិនអាចនៅវត្តលោកបានទេ»៕


