អបអរសាទរ! ប្រាសាទ ដាវីន បានឈ្នះមកុដ 4th Runner Up ក្នុងការប្រកួត Universal Women 2023 នៅទីក្រុង ឌូបៃ
(ភ្នំពេញ)៖ តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន តារាម៉ូដែលស្រីមួយដួង មានទេពកោសល្យ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ដោយ ប្រាសាទ ដាវីន «ស្ដ្រីឯកចក្រវាលកម្ពុជា២០២៣» (Universal Woman Cambodia 2023) បានឈ្នះមកុដ 4th Runner Up ក្នុងការប្រកួត Universal Women 2023 នៅប្រទេសអារ៉ាប់រួម នាយប់មិញនេះ។
យោងតាមការបង្ហោះពីទំព័រហ្វេសប៊ុក Universal Woman បានឱ្យដឹងថា ប្រាសាទ ដាវីន ( Mrs.Prasath Davin ) Universal Woman Cambodia 2023 បានជាប់លំដាប់រងទី៤ ដោយ Gambia ជាប់លំដាប់រងទី៣, Brazil លំដាប់រងទី២ និង Dominican rep. លំដាប់រងទី១ ចំណែកអ្នកគ្រងមកុដUniversal Woman2023 បានទៅលើ Venezuela។
តារាសម្ដែង និងបង្ហាញម៉ូដ ប្រាសាទ ដាវីន បានចូលប្រឡូកក្នុងវិថីសិល្បៈតាមរយៈការប្រឡង Freshie girl ក្នុងឆ្នាំ២០០៥ ជំនាន់ទី៤ ដោយពេលនោះនាងមានវ័យ១៧ឆ្នាំ និងបានទទួលចំណាត់ថ្នាក់លេខ៣ ជាមួយរូបរាងដ៏ខ្ពស់ស្រឡះ កំពស់ ១,៧៥ ម៉ែត្រ។ កម្មវិធីស្ដ្រីឯកចក្រវាល Universal Woman ជាកម្មវិធីប្រកួតសម្រស់ផ្តល់ឱកាសសម្រាប់ស្ត្រីដែលបានរៀបអាពាហ៍ពិពាហ៍រួច មានអាយុចន្លោះពី២៥-៤០ឆ្នាំ ដែលចង់បង្ហាញភាពស្រស់ស្អាត និងសារសម្លេងរបស់ពួកគេ៕




