រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ក្រុមហ៊ុនជប៉ុន បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារពិភពលោក និងសម្បកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រកាសស្វាគមន៍ ចំពោះក្រុមហ៊ុនជប៉ុនដ៏ធំមួយ ដែលគ្រោងបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីនាំទៅកាន់ទីផ្សារពិភពលោក និងកែច្នៃសម្បកស្វាយចន្ទី ទៅជាប្រេងឥន្ធនៈ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីព្រឹកថ្ងៃ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣បានទទួលជួបជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co., LTD នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា យ៉ាងដូច្នេះថា « ខ្ញុំបានសម្ដែងការស្វាគមន៍ និងលើកទឹកចិត្តចំពោះការវិនិយោគ របស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលកន្លងមកបានកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅលក់លើទីផ្សារប្រទេសជប៉ុន ក៏ដូចជា គម្រោងបង្កើតរោងចក្រធំ១នៅកម្ពុជា ដើម្បីនាំស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ទាំងផលិតផលគ្រាប់ស្វាយចន្ទី និងច្នៃសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈ »។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានលើកឡើងថា ដើម្បីទទួលបានតម្លៃបន្ថែមច្រើនជាងនេះ ខ្ញុំបានណែនាំឱ្យក្រុមហ៊ុនគោរពតាមគោលការណ៍បរិស្ថាន បង្កើនការផ្សព្វផ្សាយ និងកែច្នៃ ការវេចខ្ចប់ឱ្យបានស្អាតល្អ ឈានទៅទទួលបានការគាំទ្រ នៅលើទីផ្សារប្រទេសជប៉ុន និងពិភពលោក។ ដោយឡែក ការកែច្នៃសម្បកគ្រាប់ចន្ទីទៅជាឥន្ធនៈគឺជារឿងល្អមួយ ប៉ុន្តែក្រុមហ៊ុន គួរសិក្សា ស្រាវជ្រាវបន្ថែមទៀត ពីលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិក ម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។
ឯកឧត្តមបានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការតាមរយៈអង្គការ JICA ដើម្បី ទទួលបានពូជអង្ករ Japonica របស់ជប៉ុន មកដាំដុះនៅកម្ពុជាសម្រាប់ការនាំចេញផងដែរ។
ឯកឧត្តមបន្ថែមថា ទាក់ទងនឹងប្រព័ន្ធគាំទ្រលើផលិតកម្មដំណាំស្រូវ ក្រសួងត្រូវធ្វើការងារជាមួយនឹងអន្តរក្រសួងដូចជាក្រសួងធនធានទឹកលើប្រព័ន្ធធារាស្រ្ត និងក្រ សួងសាធារណការលើប្រព័ន្ធ នៃការដឹកជញ្ជូនជាដើម។
ឯកឧត្តម ក៏បានលើកឡើងអំពីការប្រើប្រាស់នូវថាមពលល្អ និងចំណាយតិចសម្រាប់កសិកម្ម ដោយស្នើឱ្យធ្វើការសិក្សាលើការប្រើប្រព័ន្ធបង្ហូរទឹក សម្រាប់ការស្រោចស្រព (Water Tank) និងអាចប្រើថាមពលបន្ថែមដូចជា ការប្រើភ្លើងបូមទឹកពេលយប់ដែលមានតម្លៃទាប និងប្រើថាមពលព្រះអាទិត្យ (Solar) សម្រាប់បូមទឹកពេលថ្ងៃជាដើម។ បើប្រព័ន្ធនេះ ទទួលបានជោគជ័យ នោះនឹងអនុវត្តនៅទូទាំងប្រទេសតែម្តង។
សូមជម្រាបជូនផងដែរថា គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជានិងផ លិតទៅទីផ្សារពិភពលោក និងការកែច្នៃប្រេងឥន្ធនៈពីសម្បកគ្រាប់ស្វាយចន្ទីក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Top Planning Japan (TPJ) និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលត្រូវបានធ្វើឡើងដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចជាការសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញដែលមានសក្តានុពលនៅ លើទី ផ្សារប្រទេសជប៉ុន ហើយគិតពីឆ្នាំ២០១៩ ដល់២០២២នេះ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុនប្រមាណ ១៨៤.៩០តោន ក្នុងនោះឆ្នាំ២០២២ មាន ១២៦.៤៤តោន៕ ប្រភព៖ ក្រសួងព័ត៌មាន


