គ្រូពេទ្យស្ម័គ្រចិត្តបារាំងរបស់លោក ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋ នៅក្រុងក្រចេះ
(ក្រចេះ)៖ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តបារាំងរបស់លោក ស សុខា ដឹកនាំដោយលោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
លោកបណ្ឌិត ទូច វិសាលសុខ បានលើកឡើងថា នេះជាលើកទី១ហើយ ដែលក្រុមគ្រូពេទ្យស្មគ្រ័ចិត្តបារាំងរបស់លោក ស សុខា បានចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងខេត្តក្រចេះ ក៏ដូចជានិស្សិតនៅសាកលវិទ្យាល័យក្រចេះ ដែលនេះជាការងារមនុស្សធម៍សង្គ្រោះជីវិតជូនប្រជាពលរដ្ឋ។
លោកបណ្ឌិតបានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសគឺការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយការចូលរួមចំណែក ក្នុងការជួយសម្រួលនូវបន្ទុកសេវាចំណាយមកលើសេវាសុខាភិបាលរបស់ពួកគាត់បានមួយកម្រិត។ ម្យ៉ាងទៀត ប្រជាជនកម្ពុជាពិតជាមានសំណាង ដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ដែលធ្វើឲ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន មានសភាពធូរស្រាលជាងប្រទេសដទៃទៀត។
លោកបន្ដទៀតថា នេះគឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ ព្រោះថាបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ទន្ទឹមនឹងនោះ លោកបណ្ឌិត ទូច វិសាលសុខ បានសំណូមពរឲ្យប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងប្រទេសរបស់យើង៕ ផ្តល់សិទ្ធិដោយ៖ freshnews








