សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុន លើកទឹកចិត្តពលរដ្ឋខ្លួនមកទស្សនាស៊ីហ្គេម នៅកម្ពុជា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានស្នើទៅរដ្ឋាភិបាលជប៉ុន ជួយជម្រុញ និងលើកទឹកចិត្តពលរដ្ឋជប៉ុន ឱ្យមកទស្សនាការប្រកួតស៊ីហ្គេ នៅកម្ពុជា ដែលនឹងចាប់ផ្តើមនៅខែឧសភា ខាងមុខនេះ។ សំណើរបស់សម្តេចតេជោ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបខាងលើនេះ ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ក្នុងបេសកកម្មការងារជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជា។ ឯកឧត្តមបន្តថា រដ្ឋាភិបាលជប៉ុន ក៏នឹងជួយកម្ពុជារៀបចំដំណើរការប្រកួតកីឡាស៊ីហ្គេម ដំណើរការបោះឆ្នោត ការងារដោះមីន និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍រាល់របៀបវារៈការងារទាំងឡាយរបស់ឯកឧត្តម ឯកអគ្គរាជទូតនៅកម្ពុជា។
ពាក់ព័ន្ធការងារប្រកួតស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជប៉ុនអាចជួយដំណើរការប្រកួតស៊ីហ្គេមនៅកម្ពុជា ដោយលើកទឹកចិត្តឱ្យពលរដ្ឋជប៉ុន មកទស្សនាស៊ីហ្គេមដោយផ្ទាល់ ឬរៀបចំឱ្យមានការហោះហើរត្រង់ពិសេសក្នុងកំឡុងពេលនៃការប្រកួតនោះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចំនួន ៣៧ប្រភេទ ដាក់ឱ្យប្រកួត ខណៈព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ប្រកួតលើ ១៣ប្រភេទកីឡា។
យូដូ ដែលជាកីឡាមានដើមកំណើតមកពីប្រទេសជប៉ុន ក៏ត្រូវបានដាក់បញ្ចូលទាំងនៅក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ផងដែរ៕ ប្រភព៖ cambodia2023


