ព័ត៌មានជាតិ February 10, 2023

អភិបាលខេត្តតាកែវ ណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការអនុត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

Naren

(តាកែវ)៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការអនុត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមបានថ្លែងបែបនេះ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសឯកឧត្តមបានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក អភិបាលក្រុងស្រុក និងអធិការនគរបាលក្រុងស្រុក និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួរនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ បន្ថែមពីនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការជម្រុញបន្ថែមទៀត ដល់ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរក្រុង/ស្រុកទាំង១០ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបាន ដាក់ចេញដើម្បីផ្ដល់នូវសេចក្ដីសុខ និងជីវភាពល្អប្រសើរដល់បងប្អូនប្រជាពលរដ្ឋយើង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានជម្រុញឱ្យ ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមគ្នា ពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប លើការងារសន្តិសុខសណ្តាប់ធ្នាប់ ជាផ្នែកមួយដ៏មានសារសំខាន់ ក្នុងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេស គឺត្រូវបង្ក្រាបឱ្យខានតែបានចំពោះក្រុមក្មេងទំនើង ចោរលួច ចោរឆក់ គ្រឿងញៀន ដែលកំពុងកើតមានឡើងនៅតាមមូលដ្ឋាន ដូច្នេះដើម្បីទប់ស្កាត់លើបញ្ហាប្រឈមនេះបាន សូមលោកស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្រុក និងក្រុង ត្រូវធ្វើការសហការណ៍គ្នាអោយបានល្អ លើកផែនការយុទ្ធសាស្ត្រថ្មី តាមដាន និងកំណត់មុខសញ្ញាជនសង្ស័យ និងមុខសញ្ញាអ្នកចំណូលថ្មីនៅតាមមូលដ្ឋាន ដែលទើបតែមកស្នាក់នៅ ក្នុងទឹកដីនៃខេត្តតាកែវរបស់យើង ជាពិសេសត្រូវបង្កើនការត្រួតពិនិត្យ គោលដៅតាមដងផ្លូវនានាលើការឆែកឆេរកអាវុធជាតិផ្ទុះ កាំបិត ដាវ ត្រូវមានការដឹកនាំផ្ទាល់ដោយអាជ្ញាធរស្រុក និងក្រុង ធ្វើការសហការណ៍គ្នាអនុវត្តន៍លើការងារនេះ៕ ប្រភព៖ រដ្ឋបាលខេត្តតាកែវ