ព័ត៌មានជាតិ February 11, 2023

រង់ចាំមើលទាំងអស់គ្នា! អង្គរសង្ក្រាន្ត២០២៣ គ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត

Naren

(ភ្នំពេញ)៖ អង្គរសង្ក្រាន្ត បន្ទាប់ពីខកខានប្រព្រឹត្តិតាំងពីឆ្នាំ២០២០ ដោយសារតែជំងឺកូវីដ១៩មក នៅទីបំផុតនៅឆ្នាំ២០២៣ អង្គរសង្ក្រាន្ត ក៏បានប្រកាសពីការត្រឡប់មកវិញ ជាមួយនឹងកម្មវិធីសប្បាយៗជាច្រើន។ ក្នុងនោះផងដែរ ក្នុងឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តគ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ទំព័រហ្វេសប៊ុកផេកផ្លូវការ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឱ្យដឹងថា «ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ យើងបានបំបែកឯកគ្គទកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោន។ ឆ្នាំ ២០១៥ ដដែល យើងមានការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness ។ ជាមួយគ្នានេះ យើងក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។ ដោយឡែកក្នុងឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តគ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ សូមរង់ចាំមើលទាំងអស់គ្នា ថាតើអ្វីនឹងក្លាយជាសមិទ្ធផលថ្មីសម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ??»

សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ មាន៦ទីតាំងកម្សាន្ត មាន៤៤ កម្មវិធី ដោយមានធ្វើការបង្ហាញ ពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពី ព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។ ខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំង ទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត៕