ព័ត៌មានជាតិ February 27, 2023

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើទៅក្រុមកីឡាករបាល់ទះរបស់កម្ពុជា ត្រូវពង្រឹងស្មារតីក្រុម កុំមានជំងឺតួឯក

Naren

(ភ្នំពេញ)៖ បន្ទាប់ពីមានប្រសាសន៍ចូលរួមអបអរសាទរប្រកបដោយមោទកភាព ជាមួយក្រុមបាល់ទះ អាយុក្រោម១៩ឆ្នាំរបស់កម្ពុជា ដែលយកឈ្នះក្រុមបាល់ទះបារាំង ក្នុងជំនួបមិត្តភាពជាថ្មីម្ដងទៀតនោះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅក្រុមបាល់ទះរបស់កម្ពុជា ត្រូវពង្រឹងស្មារតីជាក្រុម ហើយមិនត្រូវមានជំងឺតួឯកឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង៥ពាន់នាក់ របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ក្នុងជំនួបដែលកម្ពុជាឈ្នះបារាំងនោះ គឺការលេងដោយប្រើនូវបច្ចេកទេសបានយ៉ាងល្អ ខុសពីពេលមុនដែលកីឡាករកម្ពុជាប្រើតែកម្លាំងបាយសុទ្ធសាត មិនសូវលេងបច្ចេកទេស។

ពីអ្នកដែលធ្លាប់លេងកីឡាបាល់ទះនេះ សម្ដេចតេជោ ហ៊ុន សែន បានមើលឃើញទៀតថា កីឡាករបាល់ទះម្នាក់ណាក៏ចង់គប់ដែរ ប៉ុន្ដែអ្នកដែលសំខាន់ហើយបញ្ចប់បញ្ហា គឺជាអ្នកឲ្យបាល់ (ប៉ះសេ) ប្រសិនបើក្នុងចំណោម៦នាក់មិនត្រឹមតែពូកែគប់នោះទេ ប៉ុន្ដែត្រូវពូកែសូវេ និងប៉ះសេបាល់ ជាវិធីមួយដ៏ល្អក្នុងការយកឈ្នះលើគូប្រកួត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កីឡាមានវាឈ្នះមានចាញ់ ហើយចៅៗបន្ទាប់ពីផុតអាយុ១៩ឆ្នាំ ចូលជម្រើសជាតិ។ សុំផ្ដល់អនុសាសន៍ឲ្យចៅៗ រឿងធំរបស់បាល់ទះ គឺអ្នកណាក៏ចង់ចេះពូកែគប់ ប៉ុន្ដែអ្នកឲ្យបាល់ជាអ្នកសម្រេចបញ្ហា ឆ្លាត ឬមិនឆ្លាត […] ចៅៗត្រូវលេងជាក្រុម អត់មានតួឯកបានទេ»។

ទាក់ទិនករណីជំងឺតួឯកនេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់កីឡាបាល់ទាត់ ដែលមានលោក ហុងដា ជនជាតិជប៉ុន ជាគ្រូបង្វិកនោះ គឺមិនដែលឲ្យកីឡាករណាដែលមានជំងឺតួឯក ឬអូសបាល់មិនប៉ះឲ្យអ្នកដទៃចូលប្រកួតនោះទេ ទោះកីឡាករនោះមានឈ្មោះល្បី ឬពូកែយ៉ាងណាក៏ដោយ តែចំណុចនេះសម្ដេចបានណែនាំឲ្យពង្រឹងស្មារតីជាក្រុម ដើម្បីយកឈ្នះលើគូប្រកួត។

សូមរំលឹកថា ការប្រកួតកីឡាបាល់ទះមិត្តភាពអន្ដរជាតិ លើកទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ U19 បារាំង បានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះវិញ ក្នុងលទ្ធផល ៣-១សិត នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។

ជំនួបដ៏ទាក់ទាញនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អដោយបានយកឈ្នះ ២សិតផ្ទួនៗ ជាមួយពិន្ទុ ២៥-២០ និង ២៥-២១ មុនក្រុមភ្ញៀវ U19 បារាំង វាយបកឈ្នះវិញ ២១-២៥ពិន្ទុ ។ ប៉ុន្ដែចូលសិតទី៤ បានក្លាយជាសិតកាត់សេចក្ដី បន្ទាប់ពីកម្ពុជាបានយកឈ្នះ ក្នុងពិន្ទុ ២៥-១៩ ដើម្បីធានាជ័យជម្នះរបស់ខ្លួន ៣-១សិតតែម្ដង។

ជាមួយការសងសឹក ក៏ដូចជាការតដៃបានវិញនេះដែរ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំង ចំពោះក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលអាចយកឈ្នះក្រុមខ្លាំងបារាំង ដ្បិតជំនួបមិត្តភាពអន្ដរជាតិ លើកទី១ កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ គឺកម្ពុជា បានចាញ់ក្រុម U19 បារាំង ក្នុងលទ្ធផល ៣-០សិត៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS