កុមារាម្នាក់មានជំងឺគ្រុនឈាមកម្រិត៤ចុងក្រោយ បញ្ជូនមកពីមណ្ឌលសុខភាពមួយនៅត្បូងឃ្មុំ ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
(ភ្នំពេញ)៖ កុមារាម្នាក់មានជំងឺគ្រុនឈាមកម្រិត៤ចុងក្រោយ ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ នេះបើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផេក មន្ទីរពេទ្យជ័យវរ្ម័នទី៧ Jayavarman VII Hospital នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។
កុមារាតូចអាយុ៤ឆ្នាំរូបនេះ បញ្ជូនមកពីមណ្ឌលសុខភាពមួយនៅខេត្តត្បូងឃ្មុំ ក្រោយដាក់សេរ៉ូមអស់៣លីត្រ។ កុមារានេះមានជំងឺគ្រុនឈាមកម្រិត៤ចុងក្រោយយ៉ាងធ្ងន់ធ្ងរបំផុត (EDS) អស់ជីពចរ សន្លប់ ហូរឈាម ខ្សោយដង្ហើម ខ្សោយថ្លើមនិងតម្រងនោម #អស់ជីពចរ៦ដង (6 times repeated cardiovascular collapses-shocks)។
ក្នុងរយៈពេល៤៨ម៉ោងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាមនិងប្លាស្មាអស់៦ប្លោក និងបញ្ចូលប្លាកែតអស់៤ប្លោក ជាមួយការសង្រ្គោះដោយម៉ាស៊ីនសប់ដង្ហើម៣ថ្ងៃ ថ្ងៃនេះ កូនតូច ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។
ប្រភពក៏បានអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ ពីករណីគ្រុនឈាមធ្ងន់ធ្ងរដ៏កម្រមួយនេះ។ សំណាង១លើ១ម៉ឺនករណីនៃជំងឺគ្រុនឈាមដំណាក់កាលចុងក្រោយ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ សូមអរគុណ មជ្ឈមណ្ឌលផ្តល់ឈាមជាតិ ដែលតែងតែគាំទ្រនិងបានផ្តល់ប្លាស្មាចំរ៉ាញ់ប្លាកែតទាន់ពេលវេលា សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស សូមអរគុណដល់សប្បុរសជនគ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា៕


