Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ស្ត្រី២រូប គឺលោកស្រី ភឿង សកុណា និងលោកស្រី អ៉ឹង កន្ថាផាវី នឹងបន្តកាន់តំណែងរដ្ឋមន្ត្រីអាណត្តិថ្មី

    BY Khmerpress March 7, 2023
    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ស្ត្រី២រូប គឺលោកស្រី ភឿង សកុណា និងលោកស្រី អ៉ឹង កន្ថាផាវី នឹងបន្តកាន់តំណែងរដ្ឋមន្ត្រីអាណត្តិថ្មី

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ស្ត្រី២រូប គឺលោកស្រី ភឿង សកុណា និងលោកស្រី អ៉ឹង កន្ថាផាវី នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី។

    ការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។

    លោកស្រី ភឿង សកុណា បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាំងពីឆ្នាំ២០១៣ ចំណែកឯលោកស្រី អ៉ឹង កន្ថាផាវី បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាំងពីឆ្នាំ២០០៤។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រៀមបោះឆ្នោត ហើយរាជរដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតនៅក្នុងខែកញ្ញា (ឆ្នាំ២០២៣) ពេលនោះមនុស្សមួយចំនួនអាចនឹងគួរដឹង អាចនឹងចង់ដឹង ក៏ប៉ុន្តែខ្ញុំអាចនិយាយបានថា ស្ត្រីជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺមិនត្រូវបានផ្លាស់ប្តូរទេ»។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរការដឹកនាំរបស់ លោកស្រី ភឿង សកុណា និងលោកស្រី អ៉ឹង កន្ថាផាវី ហើយសម្តេចក៏ប្រកាសថា អាណត្តិថ្មីខាងមុខនេះ រដ្ឋមន្ត្រីទាំង ២រូប នឹងមិនត្រូវបានផ្លាស់ប្តូរនោះទេ។

    សម្តេចតេជោ ហ៊ុន សែន ក៏បង្ហើបដែរថា ការស្រាវជ្រាវមួយរកឃើញថា ស្ត្រីមានការគាំទ្រសម្តេចតេជោ ខ្ពស់ជាងបុរស ហើយសម្តេចតេជោ បានថ្លែងអំណរគុណដល់ស្ត្រី ដែលបានគាំទ្រការដឹកនាំរបស់សម្តេច។

    សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្រ្ជាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: