និស្សិត IFL ឆ្នាំទី៣រូបនេះ បង្ហាញពីឆន្ទៈនឹងបន្តសម្អាតបរិស្ថាន នៅតាមទីសាធារណៈ ជាពិសេសនៅតាមប្រឡាយទឹក ទោះជួបឧបសគ្គច្រើនក៏ដោយ
(ភ្នំពេញ)៖ យុវជនមួយក្រុម ដែលគេស្គាល់ថាជា «និស្សិតប្លាស្ទិច» ថ្មីៗនេះបានធ្វើឱ្យអ្នកបណ្តាញសង្គមទាំងនៅតាម Facebook និង TikTok សម្តែងការស្ងើចសរសើរជាខ្លាំងជាមួយនឹងសកម្មភាព ចាប់ទាញនិងដងសំរាមចេញពីប្រឡាយទឹកនៅជុំវិញទីក្រុងភ្នំពេញ ដែលមានពណ៌ខ្មៅខាប់ និងក្លិនស្អុយឆួល។
និស្សិត ហែម សុភេម មកពីខេត្តកំពង់ឆ្នាំង ជានិស្សិតឆ្នាំទី០៣ សិក្សានៅដេប៉ាតឺម៉ង់អង់គ្លេស វិទ្យាស្ថានភាសាបរទេស (IFL) ជាអ្នកបង្កើតក្រុម «និស្សិតប្លាស្ទិច» បានធ្វើការផ្តល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន KhmerPress ដោយប្រាប់នូវមូលហេតុនៃការចាប់ផ្ដើម ដោយយុវជនរូបនេះបានឱ្យដឹងថា ខ្លួនស្រលាញ់បរិស្ថាន ដោយមើលឃើញថា ទោះបីជាមានសារអប់រំ និងការដាស់តឿន ទាក់ទងនឹងការរក្សាបរិស្ថាន មិនឱ្យចោលសម្រាមផ្តេសផ្តាសយ៉ាងណាក្តី ក៏នៅតែមិនអាចកែប្រែទម្លាប់ចាស់របស់ពលរដ្ឋមួយចំនួនដែលតែងតែបន្សល់កាកសំណល់សំរាមនៅតាមទីសាធារណៈ។ ដូច្នេះហើយខ្លួនក៏ចេញជាសកម្មភាពដើរសម្អាតនៅតាមសាធារណៈ និងជាពិសេសនៅតាម លូទឹកស្អុយ នៅជុំវិញទីក្រុងភ្នំពេញ។
យុវជនរូបនេះបានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០២២ ដោយការចាប់ផ្តើមដំបូង ពិតជាមានការលំបាក ដោយមានអ្នកជុំវិញខ្លួន បានរិះគន់និងចម្អកនូវសកម្មភាពសម្អាតបរិស្ថានរបស់ខ្លួន ដោយលើកឡើងថា ជោរតាមគ្នា ជាដើម។
ឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មាន និស្សិត ហែម សុផេម រូបនេះបន្តថា នៅពេលធ្វើសកម្មភាពសម្អាតនៅតាមប្រឡាយ តាមលូទឹកស្អុយ «បាទបង! ចំពោះសុខភាពខ្ញុំពិតជាបារម្ភ ប៉ុន្តែនេះជាអ្វីដែលយើងធ្វើដើម្បីសង្គម ហើយមានពេលខ្លះ មិត្តរួមក្រុម បានរបួសអំឡុងពេលដើរប្រមូលសំរាមចេញពីទឹកលូ ព្រោះតែដើរជាន់អំបែងកែវ ខ្លះទៀតក៏បានក្អួត ព្រោះក្លិនស្អុយទ្រាំមិនបាន ប៉ុន្តែ ទោះជាមានឧបសគ្គបែបណាក៏ពួកយើងមិនបោះបង់ចោលដែរ»។
ប្អូនបានបន្តថា ការធ្វើសកម្មភាពនេះឡើងពុំទទួលបានប្រាក់កម្រៃអ្វីឡើយ ប៉ុន្តែដោយសកម្មភាពរបស់ខ្លួនមានការមើលឃើញពីមហាជន ក៏មានមហាជនមួយចំនួនបានជួយបរិច្ចាគជាថវិកា ក៏ដូចជាសម្ភារៈ ស្រោមដៃ ស្បែកជើងការពារ ជាដើម។
និស្សិតឆ្នាំទី៣រូបនេះបានឱ្យដឹងថា ក្រុម «និស្សិតប្លាស្ទិច» ជាក្រុមស្រលាញ់បរិស្ថាន ដោយចាប់ផ្តើមពីគ្នាត្រឹមតែ២ទៅ៣នាក់ ពេលនេះក៏មានសមាជិកច្រើនជិត៥០០នាក់ ដែលភាគច្រើនជានិស្សិត៕
@hemsophemពូប្លាស្ទិចនៅទីនេះដើម្បីទីក្រុងដែលគ្មានសំរាមប្លាស្ទិច🤲🏻🤲🏻🤍🤍♬ Relationship – Young Thug,Future
@hemsophemពួកយើងអាណិតទីក្រុងមួយនេះណាស់ ឈប់បំផ្លាញទៀតទៅបានទេ?😓🇰🇭🙏🏻 ♬ Past Lives (slowed + reverb) – ghostly echoes & creamy & 11:11 Music Group
@hemsophemចាប់ផ្ដើមថ្ងៃថ្មីជាមួយទីក្រុងដែលគ្មានសំរាម 🤍💪🏻🇰🇭🙏🏻






