Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកដែលកំពុងរក្សារតនវត្ថុរបស់ខ្មែរ សូមប្រគល់មកវិញ, ការប្រគល់ជូនម្ចាស់ដើម ជាការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាសន៍មួយ

    BY Khmerpress March 17, 2023
    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកដែលកំពុងរក្សារតនវត្ថុរបស់ខ្មែរ សូមប្រគល់មកវិញ, ការប្រគល់ជូនម្ចាស់ដើម ជាការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាសន៍មួយ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវល់សារមន្ទីរ ស្ថាប័ននានា និងអ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរ សូមប្រគល់មកឱ្យខ្មែរវិញ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាការប្រគល់វត្ថុបុរាណជូនមកកម្ពុជាវិញ ដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ជាការបង្ហាញក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ ដល់វប្បធម៌នៃជាតិសាសន៍មួយ។

    ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុ​ន សែន បានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពទទួលរតនវត្ថុរបស់ខ្មែរមួយចំនួន ដែលទើបនឹងទាមទារបានពីបរទេសមកវិញ។ ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។ សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេពបានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍ ដោយសារក្រុមជនទុច្ចរិតលួចចេញពីក្រុមប្រាសាទកោះកេរ នៅក្នុងអំឡុងទសវត្ស៧០ នៃសង្គ្រាមស៉ីវិល។

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញ ដែលជាម្ចាស់ដើមគឺជាកាយវិការដ៏ថ្លៃថ្លា គួរឱ្យគោរព ជាការបង្ហាញក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ ដល់វប្បធម៌នៃជាតិសាសន៍មួយដែលបានរួមចំណែកដ៏ឧត្តុង្គឧត្តម ក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម»។

    បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាកំពុងបន្តធ្វើការស្រាវជ្រាវប្រមូលភស្តុតាងនៃសម្បត្តិវប្បធម៌ដែលត្រូវបានលួចចេញពីកម្ពុជា ដោយខុសច្បាប់ និងដំណើរការទាមទារដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយចរចា ដំណើរការផ្លូវទូត រដ្ឋបាល ឬតុលាការក្នុងករណីចាំបាច់។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិធីដែលយើងកំពុងប្រារព្ធធ្វើនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកល ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: