Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ប្រាប់ឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនជានិច្ចសម្រាប់ការវាយប្រហារដោយប្រើ «អាវុធនុយក្លេអ៊ែរ»

BY Khmerpress March 20, 2023
លោក គីម ជុងអ៊ុន ប្រាប់ឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនជានិច្ចសម្រាប់ការវាយប្រហារដោយប្រើ «អាវុធនុយក្លេអ៊ែរ»

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានរាយការណ៍ថាមេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យកូរ៉េខាងជើងត្រៀមលក្ខណៈជានិច្ច សម្រាប់ការវាយប្រហារ ដោយប្រើអាវុធនុយក្លេអ៊ែរ នៅគ្រប់កាលៈទេសៈទាំងអស់ ជាការកំញើញដើម្បីបង្ការកុំឱ្យសង្រ្គាមផ្ទុះឡើង ដោយសំអាងថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងពង្រីកការធ្វើសមយុទ្ធយោធារួមគ្នា ដោយមានពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។

ការកត់សម្គាល់របស់លោក គីម ជុងអ៊ុន កើតមានឡើងចំពេលកូរ៉េខាងជើងកំពុងបង្កើនការធ្វើសមយុទ្ធយោធាជាមួយការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពបង្ការសង្រ្គាម និងសមត្ថភាពវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាការបញ្ជូនសារយ៉ាងរឹងមាំទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ KCNA បានឱ្យដឹងថានៅក្នុងការធ្វើសមយុទ្ធយោធានោះដែរ យោធាកូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដមីស៊ីលបាលិស្ទីគមួយគ្រាប់ដោយមានបំពាក់ «ក្បាលគ្រាប់នុយក្លេអ៊ែរសប្បនិម្មិត» ដោយវាអាចហោះបានចម្ងាយ ៨០០គីឡូម៉ែត្រ មុននឹងធ្លាក់ចំគោលដៅដែលបានកំណត់នៅរយៈកម្ពស់៨០០ម៉ែត្រ ក្រោមសេណារីយ៉ូនៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរតាក់ទិក។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ដែលបានចុះត្រួតពិនិត្យ និងការបញ្ជាការធ្វើតេស្តមីស៊ីលដោយផ្ទាល់ បាននិយាយថាសមយុទ្ធយោធាខាងលើ បានធ្វើឱ្យសមត្ថភាពធ្វើសង្រ្គាមនុយក្លេអ៊ែរពិតប្រាកដ របស់កូរ៉េខាងជើងកាន់តែល្អប្រសើរឡើង ជាមួយការសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការធានាឱ្យបាននូវការត្រៀមលក្ខណៈជានិច្ច សម្រាប់ហេតុការណ៍បន្ទាន់ និងការដឹកនាំការវាយប្រហារដោយអាវុធ នុយក្លេអ៊ែរ តាមរយៈសមយុទ្ធយោធាបែបនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: