មនុស្ស ៩នាក់បានបាត់បង់ជីវិត និង ១៥នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ផ្លូវរូងក្រោមដីមួយកន្លែងនៅឥណ្ឌា
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ផ្លូវរូងក្រោមដីមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២១ ខែកក្កដា។ ក្រៅតែបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។
បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ផ្លូវរូងក្រោមដីមួយកន្លែងនេះគឺកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ និងមានទីតាំងស្ថិតនៅតំបន់ភ្នំហិម៉ាឡៃយ៉ា រដ្ឋ Sikkim ភាគខាងជើង នៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ផ្លូវរូងមួយកន្លែងនេះត្រូវបានសាងសង់ឡើងដើម្បីប្រើប្រាស់ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍តំបន់វារីអគ្គិសនីនៅលើទន្លេ Teesta ខណៈជនរងគ្រោះទាំងអស់គឺសុទ្ធតែជាក្រុមកម្មករកំពុងបំពេញការងារនៅក្នុងការដ្ឋានសាងសង់នេះផ្ទាល់តែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia