សហភាពអឺរ៉ុប សន្យាផ្តល់ជំនួយ ១ពាន់លានអឺរ៉ូដល់តួកគី និងជាង ១០៩លានអឺរ៉ូដល់ស៊ីរី សម្រាប់ការស្តារឡើងវិញក្រោយគ្រោះរញ្ជួយដី
(ប៊ែកឡាំង)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា ដៃប្រតិបត្តិរបស់សហភាពអឺរ៉ុបនឹងផ្តល់ប្រាក់ចំនួន ១ពាន់លានអឺរ៉ូ ដើម្បីជួយប្រទេសតួកគីក្នុងការកសាងឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។
លោកស្រីបានប្រាប់សន្និសីទថា គណៈកម្មការក៏នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០៨លានអឺរ៉ូ (១១៥លានដុល្លារ)ផងដែរ សម្រាប់ជំនួយមនុស្សធម៌ និងការស្តារឡើងវិញនៅដំណាក់កាលដំបូងនៅក្នុងប្រទេសស៊ីរី ដែលសហភាពអឺរ៉ុបមិនមានទំនាក់ទំនងការទូតជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad ទេ ជុំវិញសង្រ្គាមដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០១១។
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានប៉ាន់ប្រមាណថា «បន្ទុកហិរញ្ញវត្ថុសរុបនៃគ្រោះមហន្តរាយរញ្ជួយដី» សម្រាប់ប្រទេសតួកគីមានរហូតដល់ ១០៣.៦ ពាន់លានដុល្លារ ហើយបាននិយាយថា វាស្មើនឹង ៩% នៃផលិតផលក្នុងស្រុកសរុប ដែលបានព្យាករណ៍សម្រាប់ឆ្នាំ ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

