Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

    BY Khmerpress March 21, 2023
    ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

    (សៀមរាប)៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខេត្តសៀមរាប។

    ពិធីព្រះរាជទានព្រះអគ្គីជ័យកីឡា បានធ្វើឡើងនៅខាងមុខប្រាសាងអង្គរវត្ត នៃខេត្តសៀមរាប ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរបស់កម្ពុជា រួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលលើកទី១២ ឆ្នាំ២០២៣, សម្ដេច​ចៅ​ហ៊្វា​វាំង​ គង់ ​សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

    ក្រោយព្រះរាជពិធីខាងលើ ព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សាក្នុងចង្កៀងពិសេសមួយ នៅវត្តរាជបូណ៌ ខេត្តសៀមរាប ដើម្បីរង់ចាំពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដោយនឹងត្រូវចេញពីខេត្តសៀមរាប នាល្ងាចថ្ងៃទី២២ ខែមីនាស្អែកនេះ ឆ្ពោះទីក្រុងហាណូយ ប្រទេសវៀតណាម មុនគេ ហើយដង្ហែឆ្លងកាត់ប្រទេសជាបន្ដបន្ទាប់ រហូតដល់ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ។

    ជាមួយបេសកកម្មដ៏ពិសេស នៃដំណើរឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជានេះ សម្ដេចពិជ័យសេនា ទៀត បាញ់ បានចាត់តាំងប្រតិភូមួយក្រុម ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ គឺជាបេសកជនពិសេសតំណាង CAMSOC ព្រមទាំងអនុប្រធាន និងសមាជិក ៨រូបទៀត ដើម្បីធ្វើការជាមួយស្ថានទូត និងស្ថានតំណាងកម្ពុជាប្រចាំប្រទេសនានា រៀបចំពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា ចាប់ពីខេត្តសៀមរាប រហូតត្រឡប់មកកម្ពុជាវិញ ឲ្យទទួលបានជោគជ័យ ។

    បន្ទាប់ពីព្រះអគ្គីអាទិទេពកីឡា ចូលដល់ទឹកដីកម្ពុជា តំណាង CAMSOC និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងត្រូវទទួលព្រះអគ្គីកីឡា ហើយដង្ហែតាមរថយន្ដឆ្ពោះមកខេត្តស្ទឹងត្រែង ហើយសម្រាកនៅទីនោះមួយយប់ មុនបន្ដដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ។ ដូច្នេះរាល់ការឈប់សម្រាកនៅប្រទេស ឬរាធានី-ខេត្តនីមួយៗ ចង្កៀងព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សានៅស្ថានទូត ឬទីវត្តអារាម យ៉ាងត្រឹមត្រូវបំផុត ។

    ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គីកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ។

    កម្ពុជាមានមោទនភាព ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាឱកាសដ៏វិសេសវិសាលមួយក្នុងការផ្ដួចផ្ដើមព្រះរាជពិធីបួងសួងសុំព្រះអគ្គីអាទិទេពកីឡា ពីព្រះអាទិត្យ នៅប្រសាទអង្គរវត្តដ៏ល្បីល្បាញពាសពេញពិភពលោក ក៏ដូចជារៀបចំពិធីដង្ហែនៅក្នុងប្រទេស និងទៅកាន់បណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ។

    ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព ។ លើសពីនេះ ព្រះអគ្គីកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ” ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: