ផ្ទុះប្រតិកម្មជាខ្លាំងក្រោយមហាជនឃើញ Poster រឿងថៃមួយរបស់ប៉ុស្តិ៍លេខ៧ មានជារូបភាពប្រាសាទអង្គរវត្ត
ថ្មីៗនេះអ្នកលេងបណ្តាញសង្គមនៅកម្ពុជា បានសម្តែងប្រតិកម្មក្រោយបានឃើញ Poster រឿងភាគថៃមួយរបស់ប៉ុស្តិ៍លេខ៧ ចំណងជើង «petra naruemit» សម្តែងដោយលោក MiKE PATTARADET និងកញ្ញា MOOKDA NARINRAK ដែលខាងក្រោយមានជារូបភាពប្រាសាទអង្គរវត្ត ជាហេតុធ្វើឱ្យមហាជនសម្តែងការមិនពេញចិត្ត ថាតើសាច់រឿងនេះមានទាក់ទងនឹងខ្មែរ ឬក៏យ៉ាងណា?
យោងតាមទំព័រហ្វេសប៊ុកផេក បុរាណាចារ្យ បានឱ្យដឹងថា «កាលពីថ្ងៃអាទិត្យម្សិលមិញ ទូរទស្សន៍ប៉ុស្តិ៍លេខ៧ របស់ថៃបានចាក់ផ្សាយរឿងភេត្រានិរមិត (เภตรานิรมิต) ភាគទី១ ដោយជាខ្សែរឿងបែបឆ្លងភព ដោយតួស្រីឆ្លងទៅកាន់រជ្ជកាលទី៣នៃក្រុងរតនកោសិន្ទ្រ។ តែអ្វីជាចម្ងល់ ដែលមហាជនឆ្ងល់នោះគឺ ហេតុអ្វី background poster ខាងក្រោយមានជារូបភាពប្រាសាទអង្គរវត្ត ? ឬមួយសាច់រឿងទាក់ទងនឹងខ្មែរ? ក៏ប៉ុន្តែយើងបានអានសាច់រឿងសង្ខេបហើយថា សាច់រឿងនេះគ្រាន់តែជារឿងធម្មតា មិនជាមានតួអង្គប្រវត្តិសាស្ត្រមកពាក់ព័ន្ធអ្វីទេ។ ដូចនេះយើងទុកជាចម្ងល់ ឆ្ងល់សិនចុះ។»។
ជាមួយគ្នានេះ Doctor Sem Ratana ក៏បានសរសេររៀបរាប់ថា៖ « អស់ពីប៉ុស្តិ៍លេខ៣ ចូលប៉ុស្តិ៍លេខ៥ ឥទ្បូវប៉ុស្តិ៍លេខ៧មួយទៀតហើយ គ្រប់ប៉ុស្តិ៍តែម្តងហើយ ប្រើតិចនិកស្រដៀងៗគ្នាណ៎ ហើយចេះតែម៉េចក្នុងខ្លួន ខំដាក់រូបបែបលួចលាក់ព្រិលៗអញ្ចឹង ខ្លាចរឿងមួយហ្នឹងមិនល្បី ឬក៏យ៉ាងម៉េច?»។
សូមរំលឹកថាកាលពីឆ្នាំ២០២០ មានកុនភាគថៃមួយមានចំណងជើងថា «សន្យាស្នេហ៍» ចាក់ផ្សាយនៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្ម។ ជាការឆ្លើយតប ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ថៃ បានធ្វើការផ្លាស់ប្តូរផ្ទាំងឃោសនាកុនភាគមួយនេះ ដោយបានដកចេញនូវរូបប្រាសាទអង្គរវត្ត ហើយបានសូមទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើបនេះ៕







