Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រកាសថា នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី នៅក្នុងប្រទេសបេឡារុស

BY Khmerpress March 26, 2023
លោក ពូទីន ប្រកាសថា នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី នៅក្នុងប្រទេសបេឡារុស

(មូស្គូ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច នៅក្នុងប្រទេសបេឡារុស ដើម្បីជាសញ្ញាព្រមានធ្ងន់មួយចំពោះអង្គការណាតូ (NATO) ជុំវិញការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់ខ្លួន។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។

លោកប្រធានាធិបតីរុស្ស៉ី បានប្រៀបប្រដូចផែនការខាងលើរបស់លោក ទៅនឹងការដែលសហរដ្ឋអាមេរិក បានដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុបយ៉ាងដូច្នោះ ហើយលោក ពូទីន បានគូសបញ្ជាក់ថា ទីក្រុងមូស្គូនឹងមិនផ្ទេរការគ្រប់គ្រង់អាវុធទាំងនោះ ឱ្យទៅបេឡារុសតែម្តងឡើយ។ ប៉ុន្តែនេះអាចនឹងជាលើកដំបូងបំផុត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩០មក ដែលរុស្ស៉ីចង់ដាក់ពង្រាយ​អាវុធនុយក្លេអ៊ែរ នៅក្រៅប្រទេសរបស់ខ្លួន។

លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា «វាមិនមែនជារឿងខុសប្រក្រតីអ្វីនោះទេ។ ជាចម្បងនោះគឺសហរដ្ឋអាមេរិក បាននិងកំពុងធ្វើយ៉ាង​ដូច្នោះ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ពួកគេបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចរបស់ខ្លួន នៅលើទឹកដីនៃបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ពួកគេ។ យើងបានឯកគ្នាថាពួកយើងនឹងត្រូវតែធ្វើដូចគ្នា ហើយវាមិនបំពានលើកាតព្វកិច្ចអន្តរជាតិរបស់យើង ស្តីពីការមិនរីកសាយនៃអាវុធនុយក្លេអ៊ែរឡើយ»។

គួរបញ្ជាក់ថា អាវុធនុយក្លេអ៊ែរតាក់ទិច គឺសំដៅលើប្រភេទអាវុធនុយក្លេអ៊ែរ ដែលប្រើប្រាស់ជាពិសេសសម្រាប់ យកប្រៀបនៅលើសមរភូមិ មិនមែនជានុយក្លេអ៊ែរ ដែលមានសមត្ថភាពរំលាយ ទីក្រុងមួយទាំងមូល ឱ្យបាត់ចេញពីផ្ទៃផែនដីនោះឡើយ។ ពាក់ព័ន្ធនឹងសេចក្តីប្រកាសរបស់លោក ពូទីន មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ បានធ្វើការកត់សម្គាល់ថា រុស្ស៉ីនិងបេឡារុសបាននិយាយពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ មួយរយៈដែរមកហើយ ខណៈវានៅតែពុំមានសញ្ញាណាមួយ ដែលបង្ហាញតំរុយថា រុស្ស៉ីកំពុងត្រៀមលក្ខណៈដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: