ព័ត៌មានអន្តរជាតិ March 30, 2023

ភ្លើងឆេះព្រៃភ្នំនៅខេត្តមួយ ក្នុងប្រទេសថៃ, អាជ្ញាធរកំពុងព្យាយាមពន្លត់ភ្លើងកុំឱ្យឆេះរីករាលដាលកាន់តែខ្លាំង

Naren

(ថៃ)៖ ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅលើភ្នំ Khao Chaplu ក្នុងខេត្ត Nakhon Nayok ភាគឦសានប្រទេសថៃកាលពីថ្ងៃអង្គារ បានរាលដាលដល់ផ្ទៃដីចំនួន ៧០០ រ៉ៃ ឬប្រមាណ ២៨០ អាក្រេ ទៅលើភ្នំជាច្រើនដូចជា៖ Khao Laem, Khao Kaew និង Khao Tabak។ ខ្យល់បក់ខ្លាំងបាននាំយកអណ្តាតភ្លើងទៅកាន់កំពូលភ្នំ Khao Laem កាលពីម្សិលមិញ ដែលមើលទៅដូចជាភ្នំភ្លើងផ្ទុះ នៅក្នុងរូបថតដែលថតពីខាងក្រោយសាលារាជបណ្ឌិត្យសភាយោធា Chulachomkhlao ក្នុងស្រុក Muang។

អភិបាលខេត្ត Nakhon Nayok លោក Bancha Chaowarin បាននិយាយថា ឧទ្ធម្ភាគចក្រ KA-32 មកពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ នឹងព្យាយាមពន្លត់ភ្លើងភ្នំ Khao Laem នៅថ្ងៃនេះ ហើយត្រូវបានគេរំពឹងថា នឹងមកដល់នៅម៉ោង ១ រសៀល។ លោកអភិបាលបាននិយាយថា កាលពីយប់មិញ រថយន្តពន្លត់អគ្គីភ័យចំនួន ១០គ្រឿង ត្រូវបានដាក់ពង្រាយ ដើម្បីការពារសហគមន៍ក្បែរនោះ ប៉ុន្តែវាមានគ្រោះថ្នាក់ខ្លាំងពេកសម្រាប់ក្រុមពន្លត់អគ្គីភ័យ ក្នុងការព្យាយាមពន្លត់ភ្លើងនៅពេលយប់។ គ្មាន​ការ​បញ្ជា​ឱ្យ​ជម្លៀស​ចេញ​នោះទេ បើ​ទោះ​បី​ជា​សហគមន៍​ជិត​បំផុត​ដែល​រស់​នៅ​ចម្ងាយ ៤០០ ទៅ ៥០០ ម៉ែត្រ​ពី​ភ្លើង​ដែល​មិន​អាច​គ្រប់​គ្រង​បានក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger