Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ស្ថិតក្នុងទីក្រុងញូវយ៉ក មេដឹកនាំតៃវ៉ាន់ ថាទំនាក់ទំនងជាមួយអាមេរិក មានភាព «ស្អិតល្មួតនឹងគ្នា» មិនធ្លាប់មាន

BY Naren March 31, 2023
ស្ថិតក្នុងទីក្រុងញូវយ៉ក មេដឹកនាំតៃវ៉ាន់ ថាទំនាក់ទំនងជាមួយអាមេរិក មានភាព «ស្អិតល្មួតនឹងគ្នា» មិនធ្លាប់មាន

(ញូវយ៉ក)៖ មេដឹកនាំកោះតៃវ៉ាន់ លោក សៃ អ៉ីងវិន បានសម្ដែងការសាទរដល់ទំនាក់ទំនងរបស់ទីក្រុងតៃប៉ិ ជាមួយទីក្រុងវ៉ាស៊ីនតោន កំលុងការឈប់សំចតក្នុងទីក្រុងញូវយ៉ក ក្នុងដំណើរ របស់លោកស្រីឆ្ពោះទៅកាន់តំបន់អាមេរិកកណ្ដាល ជាដំណើរឈប់សំចតមួយលើទឹកដីអាមេរិកដែលរងការថ្កោលទោសពីសំណាក់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យរបស់លោកស្រី សៃ អ៉ីងវិន បានឱ្យដឹងទៀតថា កំលុងសុន្ទរកថាបិទទ្វារមួយក្នុងទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោកស្រី សៃបាននិយាយថាទំនាក់ទំនងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង នាពេល បច្ចុប្បន្ន មានភាពស្អិតល្មួតនឹងគ្នាមិនធ្លាប់មានពីមុនមក ហើយក៏បានសង្កត់ធ្ងន់ ពីភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថាលោកស្រី ក៏បានសម្ដែងការពេញចិត្តផងដែរដែលតៃវ៉ាន់បានក្លាយជានិមិត្តរូប នៃប្រជាធិបតេយ្យក្នុងតំបន់អាស៊ី ហើយថាកោះតៃវ៉ាន់នឹងមិនឯកោឡើយ ទោះជាមានបញ្ហាជាច្រើនកំពុងប្រឈមក៏ដោយ។

គួរបញ្ជាក់ថា នៅក្នុងចំណោមមនុស្សដែលបានចូលរួមក្នុងកិច្ចសន្ទនាជាមួយលោកស្រី សៃ ក្នុងនោះរួមមាន អភិបាលរដ្ឋ New Jersey លោក ហ្វីល មឺហ្វី (Phil Murphy) និងលោកស្រី ឡូរ៉ា រ៉ូសិនប៊ឺហ្គឺ (Laura Rosenberger) ដែលជាប្រធានវិទ្យាស្ថាន American Institute in Taiwan ដែល «ធ្វើប្រតិបត្តិការសឹងតែដូចជាស្ថានទូតអាមេរិកប្រចាំតៃវ៉ាន់»។ លោកស្រី សៃ នឹងបន្តធ្វើដំណើរទៅកាន់ប្រទេសក្វាតេម៉ា និងបេលី ហើយក៏មានគម្រោងឆ្លងកាត់ និងឈប់សំចតក្នុងទីក្រុងឡូស អាន់ជែលឡែសផងដែរ ជាទីដែលលោកស្រីអាចនឹងជួបជាមួយ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី។ ប៉ុន្តែ ចិនបានព្រមានថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើជំនួបនេះពិតជាកើតឡើងមែននោះ៕​ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: