ព័ត៌មានជាតិ March 31, 2023

គម្រោងវិនិយោគផលិតថាមពលអគ្គិសនីចំនួន៥ទៀត ត្រូវបានរាជរដ្ឋាភិបាល​សម្រេចឱ្យវិនិយោគ

Naren

(ភ្នំពេញ)៖ គម្រោងវិនិយោគផលិតថាមពលអគ្គិសនីចំនួន៥ ដែលមានអានុភាព​សរុប ៥២០មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យវិនិយោគ។ ការ​សម្រេច បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

គម្រោងវិនិយោគផលិតថាមអគ្គិសនីទាំង៥ ដែលរាជរដ្ឋាភិបាលសម្រេចឱ្យវិនិយោគ​នេះរួមមាន៖ ១៖ គម្រោងវារីអគ្គិសនីស្ទឹង ឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹង​វាយ​ថ្មកំបុត​(ផ្គួបគ្នា), ២៖ គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង)។

គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាល មានអានុភាព ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត មានអានុភាព ១០០មេហ្គាវ៉ាត់, គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ មានអានុភាព ១៥០មេហ្គាវ៉ាត់, គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង មានអានុភាព ៦០មេហ្កាវ៉ាត់, គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង មានអានុភាព ៦០មេហ្គាវ៉ាត់ និងគម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង មានអានុភាព ៨០មេហ្គាវ៉ាត់។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល បានឱ្យដឹងថា គម្រោងវិនិយោគផលិតថាមពលអគ្គិសនីទាំង៥នេះ នឹងធ្វើឱ្យកម្ពុជា ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់​ឥន្ធនៈ​ដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។

គម្រោងផលិតថាមពលអគ្គិសនីទាំង៥នេះ ផ្ដល់បន្ថែមប្រភពអគ្គិសនី​ដោះស្រាយបង្គ្រប់​កង្វះខាត តាមពេលវេលាដែលបានសិក្សានៅក្នុងផែនការមេផងដែរ។ ជាមួយគ្នានោះ វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល ដែលមានអាងស្តុកទឹកធំ នឹងជួយស្ដុកប្រភពទឹកភ្លៀង​នៅរដូវវស្សាទុកនៅក្នុងអាងទឹកនេះ ជួយកាត់បន្ថយមិនឱ្យមានការហៀរទឹក​ចោល​ និង​ការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម នៅរដូវវស្សា និងស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម នៅខាងក្រោម ដើម្បី​ផលិត​អគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១២២លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំបន្ថែមទៀត ។

គម្រោងទាំង៥នេះ ក៏ជួយឱ្យធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយ ដែលថេរ ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី, នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរ​ការ។

បន្ថែមពីលើនេះ ឈើលើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាននោះ គម្រោងវិនិយោគទាំង៥នេះ នឹងជួយឱ្យរាជរដ្ឋាភិបាល ទទួលបានចំណូលពន្ធ​សរុប​ប្រមាណ ៣២២,៨៨០,៣៨២ដុល្លារអាមេរិកក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជាពន្ធលើប្រាក់បៀវត្សរ៍ ពន្ធ​កាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដទៃទៀត​ដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News