ព័ត៌មានអន្តរជាតិ April 1, 2023

ព្រះសង្ឃថៃមួយអង្គ បាចលុយពីលើអាកាសច្រើនសន្ធឹកឱ្យពុទ្ធបរិស័ទ្ធ ក្នុងថ្ងៃចម្រើនព្រះជន្ម

Naren

(សុរិន្ទ)៖ ព្រះសង្ឃថៃមួយអង្គ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើនភ្ញាក់ផ្អើល ក្រោយបានបាចប្រាក់ចំនួន១៥០,០០០បាត ដល់ពុទ្ធបរិស័ទជាច្រើននាក់ ក្នុងថ្ងៃចម្រើនព្រះជន្ម ៤៦វស្សារបស់ខ្លួន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឱ្យដឹងថា ក្នុងថ្ងៃចម្រើនព្រះជន្មឆ្នាំ៤៦ និង ប្រារព្ធ២៤ឆ្នាំនៃការស្នាងផួស ចូលបម្រើក្នុងពុទ្ធសាសនា ព្រះសង្ឈថៃ ដែលមានព្រះនាម Phra Khru Phot Suwannarat ហៅ Luang Phor Kaen បានជួលអេស្កាវ៉ាទ័រមកស្ទូចលើកព្រះអង្គឡើងឱ្យខ្ពស់ ហើយស្ថិតនៅក្នុងប្រអប់៤ជ្រុង រុំដោយវាំងនន។

ព្រះសង្ឃថៃរូបនេះគង់នៅក្នុងប្រអប់រាងបួនជ្រុង និងប្រើប្រាស់អេស្កាវ៉ាទ័រមកស្ទូចឡើងទៅលើអាកាស រួចបាចប្រាក់យ៉ាងសន្ធឹកសន្ធាប់ទៅឱ្យពុទ្ធបរិស័ទជាច្រើននាក់ដែលបានចូលរួមពិធីចម្រើនព្រះជន្ម នៅវត្ត Suwannarat Phothiyaram ក្នុងខេត្តសុរិន្ទ ភាគឦសានប្រទេសថៃកាលពីថ្ងៃអង្គារ។ សកម្មភាពនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃ ភ្ញាក់ផ្អើល ដោយវីដេអូរបស់ព្រះអង្គរូបនេះ មានការចែករំលែកយ៉ាងច្រើន។

ព្រះសង្ឃថៃ Phra Khru Phot Suwannarat ហៅ Luang Phor Kaen រូបនេះគឺជាព្រះសង្ឃដ៏មានប្រជាប្រិយមួយរូប ដោយ Facebook របស់ព្រះអង្គទទួលបានសមាជិកជាង ១៩,០០០នាក់។ ព្រះអង្គត្រូវបានគេស្គាល់ដោយសារតែព្រះអង្គធ្វើអំពើសប្បុរសធម៌ និងមានជំនាញភាសាខ្មែរផងដែរ៕