ព័ត៌មានជាតិ April 3, 2023

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យតាមសាលារៀននាំគ្នាច្រៀងចម្រៀងនគររាជដោយផ្ទាល់មាត់ នៅពេលគោរពទង់ជាតិ

Naren

(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យតាមសាលារៀននាំគ្នាច្រៀងចម្រៀងនគររាជដោយផ្ទាល់មាត់ នៅពេលគោរពទង់ជាតិ ដោយមិនចាំបាច់ចាក់ភ្លេង។

សម្តេចបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង​ឃ្មុំ ចំនួនពីរអគារដ៏ស្កឹមស្កៃ ជាមួយការបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបៗជាច្រើន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «គួរតែធ្វើកិច្ចការនេះនៅគ្រប់សាលាទាំងអស់ ដោយមិនចាំបាច់ចាក់ភ្លេងជាតិ.. សម័យមុននៅពេលដែលយើងគោរពទង់ជាតិយើងស្រែកច្រៀងនៅក្នុងសាលាហ្នឹងតែម្តង គ្មានភ្លេងចាក់ដូចឥឡូវទេ»។ សម្តេចតេជោ បន្តថា «គ្រប់សាលាទាំងអស់គឺចាប់ផ្ដើមឱ្យកូនសិស្សគោរពទង់ជាតិរួច ហើយច្រៀងផ្ទាល់តែម្ដង ហើយទាហានប្រជុំជួរក៏ត្រូវច្រៀងគោរពទង់ជាតិនេះដែរ ដើម្បីយើងហ្វឹកហាត់ឡើងវិញ។ ជារឿងមួយដែលយើងគួរធ្វើហើយចម្រៀងរបស់យើងគឺមានអត្ថន័យខ្លាំងណាស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលព្រះអង្គតាក់តែង»៕