ក្រុមបាតុកររាប់ពាន់នាក់ នាំគ្នាធ្វើការតវ៉ា ទៅនឹងតម្លៃជួលផ្ទះឡើងថ្លៃ ក្នុងប្រទេសព័រទុយហ្កាល់
(លីស្បោន)៖ មនុស្សរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវ ក្នុងទីក្រុងលីស្បោន (Lisbon) និងទីក្រុងជាច្រើនផ្សេងទៀត នៅទូទាំងប្រទេសព័រទុយហ្កាល់ កាលពីថ្ងៃសៅរ៍ ទី១ ខែមេសា ដើម្បីបង្ហាញការមិនពេញចិត្ត និងតវ៉ាចំពោះការឡើងថ្លៃតម្លៃជួលផ្ទះ ចំពេលដែលអតិផរណាកំពុងកើនឡើងក្នុងតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងបាតុកម្មតវ៉ានៅឯទីក្រុងលីស្បោន បាតុករម្នាក់ឈ្មោះ រីតា ស៊ីលវ៉ា (Rita Silva) បានលើកឡើងដូច្នេះថា «នេះគឺជាវិបត្តិផ្ទះសម្បែងដ៏ធ្ងន់ធ្ងរមួយក្នុងពេលសព្វថ្ងៃ ហើយនេះគឺជាភាព អាសន្នសង្គមមួយ»។
គួរបញ្ជាក់ថា ព័រទុយហ្កាល់ គឺជាប្រទេសក្រីក្រមួយនៅក្នុងតំបន់អឺរ៉ុបខាងលិច ដោយទិន្នន័យកាលពីឆ្នាំ២០២២ របស់រដ្ឋាភិបាលបានបង្ហាញថាពលករច្រើនជាង ៥០ភាគរយ អាចរកចំណូល បានតិចជាង ១,០០០អឺរ៉ូ ឬស្មើនឹងជាង ១,០៨៤ដុល្លារក្នុងមួយខែ ខណៈប្រាក់ខែអប្បបរាមាប្រចំាខែគឺ ៧៦០អឺរ៉ូ។ ប៉ុន្តែ តម្លៃជួល ឬលក់ផ្ទះវិញបានឡើងថ្លៃខ្ពស់កប់ពពព ជាពិសេសនៅក្នុង ទីក្រុងលីស្បោន។ តួយ៉ាងកាលពីឆ្នាំ២០២២ តម្លៃជួល និងលក់ផ្ទះបានកើនឡើង៣៧ភាគរយ ពោលគឺខ្ពស់ជាងទីក្រុងបាស់សេឡូណា ឬទីក្រុងប៉ារីសទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News



