ព័ត៌មានជាតិ April 3, 2023

សម្ដេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ និងអធ្យាស្រ័យ ពីសំណាក់ប្រជាពលរដ្ឋ ពេលជួបការកកស្ទះចរាចរណ៍ កំលុងពេលដឹកកីឡាករ-កីឡាការិនី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

Naren

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានស្នើសុំការយោគយល់ និងអធ្យាស្រ័យ ពីសំណាក់ប្រជាពលរដ្ឋ នៅពេលជួបការរំខាន ឬកកស្ទះ លើការធ្វើចរាចរណ៍ កំលុងពេលដឹកកីឡាករ-កីឡាការិនី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។

ការស្នើសុំការយោគយល់ និងអធ្យាស្រ័យនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសា អាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជា សរុប ៤,២៦៤នាក់។ ពិធីនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។

ទន្ទឹមគ្នានេះ ចំពោះប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម សម្ដេចតេជោ ហ៊ុន សែន ក៏សូមលើកទឹកចិត្ត ឲ្យប្រើរថយន្តក្រុង ឬរថយន្ដរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ សម្រួលដល់ការដឹកជញ្ជូន ប្រតិភូកីឡា និងភ្ញៀវអន្ដរជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «តម្រូវការនៅក្នុងទីក្រុងភ្នំពេញ ច្បាស់ណាស់ ថានឹងមានការកកស្ទះចរាចរណ៍ ដូច្នេះខ្ញុំក៏សូមស្នើសុំការយោគយល់ ពីសំណាក់ប្រជាជន នៅក្នុងរាជធានីភ្នំពេញ នៅពេលដែលមានការជាប់គាំងណាមួយ ដើម្បីយើងចេញដំណើរ ដឹកកីឡាករពីប្រទេសនានា ទៅកាន់តំបន់ការប្រកួត និងចេញពីតំបន់ប្រកួត ទៅកាន់កន្លែងស្នាក់នៅ»។

បើតាមសម្ដេចតេជោ, យោងតាមរបាយការណ៍ របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា កីឡាករ-កីឡាការិនី មកពីគ្រប់ប្រទេស គឺមានរហូតដល់ជាង១ម៉ឺន២ពាន់នាក់ ដូច្នេះ គ្រាន់តែមធ្យោបាយធ្វើដំណើរ និងការស្នាក់នៅ វាមិនមែនជាការងាយស្រួលនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នេះអាចនិយាយបានថា ជាការទទួលភ្ញៀវទ្រង់ទ្រាយធំ ដែលកម្ពុជាមិនធ្លាប់មានពីមុនមក ដូច្នេះកម្ពុជា ត្រូវរក្សានៅស្ថានភាពដ៏ល្អប្រសើរ សម្រាប់ការធ្វើដំណើរនានា របស់កីឡាករ មកពីបណ្ដាប្រទេសផ្សេងៗ រាប់ទាំងកីឡាករ ក្នុងប្រទេសកម្ពុជាផងដែរ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ កម្ពុជាត្រូវមានការទទួលខុសត្រូវ ដើម្បីធានានៅកម្មវិធីប្រកួត និងធានាដល់សុវត្ថិភាព សម្រាប់កីឡាករ-កីឡាការិនី ដែលមានទៅដល់រហូត ជាង១ម៉ឺន២ពាន់នាក់ បូកបន្ថែមទៅដោយអ្នកគាំទ្រទាំងឡាយ មកកាន់ប្រទេសយើង។

បើតាមលោកបណ្ឌិត ថោង ខុន បានរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារ របស់ម្ចាស់ផ្ទះត្រៀមទទួលស្វាគមន៍ប្រតិភូកីឡា SEA Games-ASEAN Para Games ៖

១៖ ប្រភេទកីឡា ៣៧ និងវិញ្ញាសាប្រកួត ៥៨១ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងប្រភេទកីឡា ១៣ និងវិញ្ញាសាប្រកួត ៤៣១ ត្រូវបានអនុម័តដោយសហព័ន្ធកីឡា ជនពិការអាស៊ាន។ រីឯ ទីលានប្រកួត និងកម្មវិធីប្រកួត ក៏បានកំណត់រួចរាល់ផងដែរ។

២៖ ប្រតិភូកីឡាទាំង១១ប្រទេស ដែលត្រូវបានបិទបញ្ចប់ ការចុះឈ្មោះកាលពីថ្ងៃទី២៤ ខែមីនា រួមមាន៖

ប្រតិភូកីឡាកម្ពុជា១១៥៨នាក់, ប្រតិភូកីឡាប្រ៊ុយណេ១១៣នាក់, ប្រតិភូកីឡាឥណ្ឌូនេស៊ី១៨០២នាក់, ប្រតិភូកីឡាឡាវ៦៥៦នាក់, ប្រតិភូកីឡាម៉ាឡេស៊ី១៥៣២នាក់, ប្រតិភូកីឡាមីយ៉ាន់ម៉ា៦៩៤នាក់, ប្រតិភូកីឡាហ្វីលីពីន១៣៤២នាក់, ប្រតិភូកីឡាសឹង្ហបូរី១២២៨នាក់, ប្រតិភូកីឡាថៃ១៩៨៥នាក់, ប្រតិភូកីឡាទីម័រខាងកើត១៧១នាក់ និងប្រតិភូកីឡាវៀតណាម១៦៦៣នាក់ សរុបចំនួន១២,៤០៤នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ៣២ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ Fresh News