ឧបករណ៍វាស់ទឹកភ្លៀងរបស់ក្រុមនិស្សិតកម្ពុជា ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួត MRC River Monitoring Technology Competition នៅប្រទេសឡាវ
(ឡាវ)៖ ក្រុមនិស្សិត និងគ្រូ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលជ័យលាភីលេខ១ ក្នុងការប្រកួត MRC River Monitoring Technology Competition លើប្រភេទវិញ្ញាសាការបង្កើតឧបករណ៍វាស់ទឹកភ្លៀង នៅវគ្គផ្ដាច់ព្រាត់ដែលធ្វើឡើងនៅប្រទេសឡាវ ក្នុងកម្មវិធីសន្និសីទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
សម្រាប់ការប្រកួតនេះក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្កើតឧបករណ៍វាស់ទឹកភ្លៀងហៅថា “Spinning Bucket Rain Gauge” ដែលគំនិត និងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។ ទិន្នន័យដែលទទួលបានពីការវាស់ទឹកភ្លៀងដោយស្វ័យប្រវត្តិនេះត្រូវបញ្ជូនទៅកាន់ឧបករណ៍ទទួលពីចម្ងាយ។
បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យពីគណៈកម្មការជំនាញ និងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសពីរួចមក ឧបករណ៍វាស់ទឹកភ្លៀងរបស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតនេះ និងទទួលបានពានរង្វាន់ មេដាយ និងទឹកប្រាក់ចំនួន ៥,០០០ដុល្លារ។
គួរបញ្ជាក់ថា ការប្រកួត MRC River Monitoring Technology Competition មានការចូលរួមពីសាកលវិទ្យាល័យផ្សេងៗ នៃ៤ប្រទេសក្នុងអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាម និងមាន១៤ ក្រុមចូលរួមក្នុងប្រកួត៕ ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា




