Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោជំរុញការផលិត ការកែច្នៃផលិតផលខ្មែរ ឱ្យអស់លទ្ធភាពនូវធនធានសក្ដានុពលទាំងឡាយនៅតាមមូលដ្ឋាន

    BY Khmerpress April 5, 2023
    សម្តេចតេជោជំរុញការផលិត ការកែច្នៃផលិតផលខ្មែរ ឱ្យអស់លទ្ធភាពនូវធនធានសក្ដានុពលទាំងឡាយនៅតាមមូលដ្ឋាន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវក្រសួង ស្ថាប័ននិងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបន្តជំរុញការផលិត ការកែច្នៃផលិតផលខ្មែរ ឱ្យអស់លទ្ធភាពនូវធនធានសក្ដានុពលទាំងឡាយតាមមូលដ្ឋាន និងស្វែងរកទីផ្សារជូនផលិតករឱ្យបានទូលំទូលាយ ដើម្បីឱ្យស្របតាមទស្សនាទានចលនាភូមិមួយ ផលិតផលមួយ។

    តាមរយៈសារលិខិត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំដើម្បីផ្សព្វផ្សាយដល់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់រួមគ្នាផលិត កែច្នៃ ប្រើប្រាស់ និងទិញផលិតផលខ្មែរ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងនាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សម្រាប់ជាការរួមគ្នាកសាងកម្លាំងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លា ថែមទៀត ក្រោមបរិយាកាសដ៏អំណោយផលនៃម្លប់សន្តិភាព។

    សម្តេចតេជោ បានបន្តថា ពេលវេលាប្រមាណ៣០ឆ្នាំមុន ដែលរាជរដ្ឋាភិបាលបានហែលឆ្លងស្ថានភាពដ៏លំបាកលំបិនមួយ ដែលស្ថានភាពពេលនោះគឺដៃម្ខាងត្រូវខិតខំបញ្ចប់សង្គ្រាម ស្វែងរកសុខសន្តិភាព និងដៃម្ខាងទៀតគឺ ប្រឹងកសាងស្តារឡើងវិញ និងអភិវឌ្ឍប្រទេស រហូតឈានដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមបានទាំងស្រុង ក្រោម”នយោបាយ ឈ្នះ ឈ្នះ“ ដែលនាំប្រទេសជាតិកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

    សម្តេចតេជោ បានបន្តទៀតថា រាជរដ្ឋាភិបាលសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក និងគណៈកម្មាធិការ ជំរុញចលនាភូមិមួយផលិតផល មួយរាជធានី ខេត្តទាំង២៥ ដែលបានសហការគ្នាយ៉ាងប្រទាក់ក្រឡា ក្នុងការលើកកម្ពស់ផលិតផលខ្មែរនិងដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗជាច្រើនក្នុងវិស័យផលិតកម្ម និង សេវាកម្ម។ ក្នុងបរិបទនៃការអភិវឌ្ឍប្រទេសឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ កម្ពុជាបានក្លាយទៅជាប្រទេសផលិត ផលិតផលសម្រាប់ខ្លួនឯងផងនិងសម្រាប់ការនាំចេញផង ដែលកត្តាទាំងនេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវកសាងមូលដ្ឋានចាំបាច់ជាច្រើនបន្ថែមទៀត ទាំងហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ទាំងធនធានមនុស្ស និងទាំងថ្នាលបច្ចេកទេសនានា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍក្នុងសម័យ សាកលភាវូបនីយកម្ម។

    សម្តេចតេជោ បានបន្ថែមថា ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ដែលត្រូវរៀបចំនៅខេត្តស្វាយរៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលសូមអបអរសាទរយ៉ាងក្លៀវក្លា និងអំពាវនាវ ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលដែនដី គ្រប់លំដាប់ថ្នាក់ត្រូវខិតខំបន្តជំរុញការផលិត ការកែច្នៃ ឱ្យអស់លទ្ធភាពនូវធនធានសក្ដានុពលទាំងឡាយ តាមមូលដ្ឋាន ការស្វែងរកទីផ្សារជូនផលិតករយើងឱ្យបានទូលំទូលាយ ស្របតាមទស្សនាទានចលនាភូមិមួយ ផលិតផលមួយ និងសូមឱ្យព្រឹត្តិការណ៍នេះក្លាយជាសំឡេងស្គរទូងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់រូបឱ្យខិតខំផលិត និងប្រើប្រាស់ផលិតផលខ្មែរ ហើយអ្នកផលិតគ្រប់រូបត្រូវខិតខំកែលម្អគុណភាព ផលិតផលរបស់ខ្លួន ដើម្បីបង្កើនតម្លៃបន្ថែមឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារក្នុងប្រទេស និងក្រៅប្រទេស៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: